ភ្នំពេញ៖លោកអភិបាលរាជធានីភ្នំពេញបានស្នើឱ្យមន្ត្រីអាជ្ញាធរដែនដីនិងលោកឧកញ៉ានិងអ្នកឧកញ៉ាទាំងអស់ត្រូវចេះរួមគ្នាលើកយកបញ្ហាផ្សេងៗមកដាក់លើតុដើម្បីរកដំណោះស្រាយជាពិសេសលើវិស័យសំណង់។
លោកប៉ាសុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងបែបនេះនៅក្នុងពិធីសំណេះសំណាលនិងពិភាក្សាការងាររវាងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាជាមួយរដ្ឋបាលរាជធានីភ្នំពេញនៅសណ្ឋាគារកាំបូឌីយ៉ាណាកាលពីល្ងាចថ្ងៃទី១០ខែសីហាឆ្នាំ២០១៦នេះដោយមានការចូលរួមពីប្រធានក្រុមហ៊ុនដែលមានងារជាលោកឧកញ៉ានិងអ្នកឧកញ៉ាដែលមានទ្រព្យសម្បតិតស្ដុកស្ដម្ភជាច្រើននាក់ផងដែរ។
លោកប៉ាសុជាតិវង្សបានលើកឡើងថាៈកន្លងមកនេះមានចៅសង្កាត់មួយចំនួនក្នុងរាជធានីរួញខ្លួនជាមួយឧកញ៉ាដែលមានអំណាចមួយចំនួនពាក់ព័ន្ធនឹងសំណង់ល្មើសច្បាប់នានាដោយពួកគាត់មិនហ៊ានមាត់និងចាត់វិធានការអ្វីឡើយរាល់កិច្ចការដែលពាក់ព័ន្ធជាមួយឧកញ៉ានោះ។លោកអភិបាលបានបន្តថា៖ការរួញខ្លួនមិនហ៊ានចាត់វិធានការជាមួយឧកញ៉ាចំពោះសំណង់ល្មើសច្បាប់របស់ពួកគាត់ទាំងនោះ។តែបើតាមការវាយតំលៃរបស់លោកអ្វីដែលអាជ្ញាធរមិនហ៊ានជាមួយឧកញ៉ាគឺវាផ្តើមឡើងពីរកក្តា២ចំណុច។ក្នុងនោះមន្ត្រីឬចៅសង្កាត់បានទទួលស្កគ្រាប់ពីអស់លោកឧកញ៉ាទាំងនោះហើយម្យ៉ាងទៀតខ្លាចអំណាចរបស់លោកឧកញ៉ាផងដែរ។
ក្នុងកិច្ចប្រជុំនោះលោកឧកញ៉ាលីហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានមានប្រសាសន៍លើកឡើងថា៖គិតត្រឹមដើមឆ្នាំ២០១៦នេះវិស័យសំណង់ក្នុងប្រទេសកម្ពុជាជាពិសេសនៅក្នុងរាជធានីភ្នំពេញសំណង់អគារខ្ពស់លើសពី៥ជាន់មានចំនួនជាង៦០០កន្លែងនិងសំណង់បុរីមានចំនួនជាង១១០ទីតាំងហើយសំណង់ទាំងនោះបានពង្រាយពាសពេញទាំង១២ខណ្ឌក្នុងរាជធានីភ្នំពេញនេះមិនទាន់រាប់បញ្ចូលសំណង់នៅតាមបណ្តាលខេត្តនានានោះទេ៕