ខេត្តសៀមរាប ៖ នៅក្នុងវេទិកាសាធារណដែលប្រព្រឹត្តិទៅនៅឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប នារសៀលថ្ងៃទី១១ សីហានេះ បញ្ហាទំនាស់ដីធ្លី បញ្ហាសេវាផ្គត់ផ្គង់ទឹកស្អាត និងបញ្ហាអគ្គិសនី គឺជាកង្វល់របស់ប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប ជាពិសេសបញ្ហាអគ្គិសនីដែលប្រជាពលរដ្ឋនៅក្នុងឃុំកំពង់ថ្កូវ ដែលជាមូលដ្ឋានជាប់គ្នានិងឃុំតាអាននោះ ក៏ត្រូវបានលើកជាសំណួរយកមកដាក់ជូនវេទិកានេះ ដើម្បីសុំការដោះស្រាយឱ្យបានឆាប់ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោក ជា ច័ន្ទបរិបូណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារចុះជួយស្រុកក្រឡាញ់ បានអញ្ជើញចូលរួមក្នុងវេទិកានោះផងដែរ ។
ក្នុងឱកាសនាថ្ងៃនេះផងដែរ លោក ជា ច័ន្ទបរិបូណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារចុះជួយស្រុកក្រឡាញ់ បានលើកឡើងថា បញ្ហាអគ្គិសនីនៅស្រុកក្រឡាញ់ ជាពិសេសនៅឃុំកំពង់ផ្កូវថ្មីៗនេះ វាជាកំដៅមួយដែលធ្វើឱ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត ហើយវាផ្ទុយទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងធ្វើកិច្ចការជាច្រើន ដើម្បីបំរើរាស្ត្រ អភិវឌ្ឍន៍សង្គមកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ។ លោក ជា ច័ន្ទបរិបូណ៌ បានព្រមានចំពោះក្រុមហ៊ុនវឌ្ឍនៈ TN អង្គរ ដែលកំពុងវិនិយោគលើការផ្គត់ផ្គង់សេវាថាមពលអគ្គិសនីមិនបានល្អជូនប្រជាពលរដ្ឋក្នុងឃុំកំពង់ថ្កូវថា បានធ្វើឱ្យប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយការមិនបានគោរពតាមប្រការចែងនៅក្នុងសៀវភៅបន្ទុក ។
អ្វីដែលប្រជាពលរដ្ឋបង្ហាញការតវ៉ាលើបញ្ហាអគ្គិសនីនៅក្នុងអង្គវេទិកាសាធារណៈនោះ គឺទី១-ក្រុមហ៊ុនមិនគោរពអនុវត្តផែនការពង្រីកបណ្តាញអគ្គិសនីតាមកិច្ចសន្យា ធ្វើឱ្យប្រជាពលរដ្ឋខកចិត្តជាមួយនឹងការទន្ទឹងរង់ចាំ ។ បញ្ហានេះ មន្ត្រីមន្ទីរឧស្សាហកម្មរ៉ែ និងថាមពលខេត្តសៀមរាប ក្នុងនាមតំណាងឱ្យអាជ្ញាធរអគ្គិសនីកម្ពុជា បានឡើងបកស្រាយថា តាមពិតក្រុមហ៊ុនមានមហិច្ឆតាខ្ពស់ណាស់ក្នុងការពង្រីកបន្ថែមបណ្តាញផ្គត់ផ្គង់ ដើម្បីការរីកចម្រើនមុខរបររបស់ខ្លួន ក៏ប៉ុន្តែមកពីក្រុមហ៊ុនខ្វះទុនវិនិយោគបន្ត។
ជាមួយនឹងការបកស្រាយនេះ លោកប្រធានក្រុមការងារ បានចោទសួរក្នុងន័យសង្កត់ទៅលើការបកស្រាយដែលមិនមានហេតុផលសមរម្យនេះថា មុននឹងអាជ្ញាធរអគ្គិសនីចេញអាជ្ញាប័ណ្ណអនុញ្ញាតិឱ្យក្រុមហ៊ុនមួយនេះ ធ្វើអាជីវកម្ម តើមានពិនិត្យលើទុនវិនិយោគដែរទេ? ហើយបើក្រុមហ៊ុនវិនិយោគមួយនេះ មិនគោរពតាមកិច្ចសន្យាក្នុងសៀវភៅបន្ទុក តើអាជ្ញាធរអគ្គិសនីមានវិធានការយ៉ាងដូចម្តេច? ចម្លើយរបស់មន្ត្រីតំណាងរូបនោះ បង្ហាញថា ធ្វើរបាយការណ៍ផ្ញើជូនថ្នាក់លើសុំការដោះស្រាយ។ នៅមានការតវ៉ា២ចំណុចទៀតដែលសុទ្ធតែជាកំហុសរបស់អ្នកវិនិយោគទាំងស្រុងតែម្តង ។