ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញបានជំរុញឲ្យមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញពន្លឿនការកែលម្អសួនច្បារការសាងសង់បង្គន់អនាម័យនិងបន្ទប់ទឹកសាធារណៈនៅសួនច្បារមុខវត្តបុទុមវតីព្រមទាំងសាងសង់ចំណតនិងបង្គន់អនាម័យបន្ទប់ទឹកសាធារណៈនៅសួនច្បារក្រមង៉ុយនិងការរដ្ឋានស្ថាបនាផ្លូវថ្មើរជើងតាមមាត់ទន្លេសាបចាប់ពីសួនសម្តេចតេជោរហូតដល់មុខព្រះបរមរាជវាំងនិងក្នុងនោះក៏មានសួនច្បារវិមានឯករាជ្យដែលជាទីលំហែកាយដើម្បីទទួលបងប្អូនមកលេងក្នុងឱកាសព្រះរាជពិធីបុណ្យអ៊ុំទូកឆ្នាំ២០១៦នេះ។
ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍បែបនេះខណៈលោកបានដឹកនាំក្រុមការងារជំនាញរដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបនិងអាជ្ញាធរខណ្ឌដូនពេញចុះពិនិត្យការដ្ឋានកែលម្អសួនច្បារមុខវត្តបុទុមវតី សួនច្បារក្រមង៉ុយនិងបន្តដំណើរដោយថ្មើរជើងដោយបន្តពិនិត្យផ្លូវថ្មើរជើងតាមមាត់ទន្លេសាបកាលពីរសៀលថ្ងៃទី១៨ខែសីហាឆ្នាំ២០១៦នេះ។
ក្នុងឱកាសចុះពិនិត្យសួនច្បារនោះឯកឧត្តម ប៉ា សុជាតិវង្ស បានបញ្ជាក់ថា៖ផ្លូវថ្មើរជើងនេះមានសារៈសំខាន់ណាស់សម្រាប់តភ្ជាប់ពីសួនច្បារសម្តេចតេជោ ហ៊ុន សែន តាមមាត់ទន្លេរហូតដល់មុខព្រះបរមរាជវាំង លម្អសោភ័ណភាពដោយដើមឈើដើមផ្កាអមដោយអំពូលភ្លើងនៅពេលរាត្រីដែលស្ថាបនាបានប្រមាណ៨៥ភាគរយ។មួយចំណែកទៀតនៅសួនច្បារវិមានឯករាជ្យរៀបចំបាន១០០ភាគរយសួនច្បារវត្តបុទុមតីបាន៨០ភាគរយហើយបច្ចុប្បន្ននេះយើងកំពុងពន្លឿនស្ថាបនាបន្ទប់អនាម័យដែលបញ្ហាសំខាន់និងទីធ្លាសួនច្បារក៏ជាទីកន្លែងសម្រាប់បងប្អូនហាត់កីឡាទៀងផង។កិច្ចការបន្តគឺស្ថាបនាផ្លូវថ្មើរជើងតាមមាត់ទន្លេក្នុងដំណាក់កាលទី២ចាប់ពីមុខព្រះបរមរាជវាំងរហូតដល់ស្ពានជ្រោយចង្វារក្រុមការងារនឹងបន្តសិក្សារៀបចំស្ថាបនានៅក្រោយបុណ្យអំទូកខាងមុខនេះ។
ឯកឧត្តម អភិបាលរាជធានីបញ្ជាក់ទៀតថា៖ទន្ទឹមនឹងនេះរដ្ឋបាលរាជធានីភ្នំពេញទទួលបានគោលការណ៍ពីរាជរដ្ឋាភិបាលជាពិសេសពីសម្តេចតេជោហ៊ុនសែនដោយបានចង្អុលណែនាំឱ្យរដ្ឋបាលរាជធានីពន្លឿននិងសិក្សាឲ្យបានត្រឹមត្រូវអំពីច្រាំងទន្លេហើយត្រូវកែលម្អរទីតាំងលក់ដូរមួយចំនួនតាមមាត់ទន្លេដែលប៉ះពាល់បរិស្ថានតាមដងទន្លេឡើងវិញ។ដូច្នេះត្រូវសិក្សាឡើងវិញដើម្បីពង្វែរសំណង់ភោជនីយដ្ឋានអគារហាងនានាទាំងនោះឲ្យមានសណ្តាប់ធ្នាប់ចាប់ពីផ្សាររាត្រីរហូតដល់ស្ពានជ្រោយចង្វាដោយរក្សាទុកផ្លូវដើរបានទទឹងទំហំ១២ម៉ែត្រទៅ១៥ម៉ែត្រ។
នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរតាមផ្លូវថ្មើជើងថ្មីនេះចាប់ពីសួនច្បារសម្តេចតេជោហ៊ុនសែនកាត់តាមមុខព្រះបរមរាជវាំងមិនមានឧបសគ្គអ្វីដូចសព្វថ្ងៃនេះទេហើយផ្លូវថ្មើជើងនេះយើងបញ្ចៀសផ្លូវដើរតាមផ្លូវថ្នល់បានហើយពិសេសបញ្ជៀសការគ្រោះថ្នាក់ចរាចរណ៍ពលរដ្ឋនៅលើដងផ្លូវដែលមានរថយន្ដនិងទោចក្រក្រយានយន្ដកំពុងចរាចរណ៍ផងដែរ៕