ប្រជាពលរដ្ឋជាង ២០នាក់តំណាងឲ្យ ៩០គ្រួសារ នៅភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តវ៉ានៅមុខសាលាបុណ្យភូមិនៅថ្ងៃទី២១ សីហា ដើម្បីស្នើឲ្យអាជ្ញាធរបង្ហាញពីតម្លាភាពនៃប្រាក់ដែលបានមកពីការលក់ដីរួម។ មេភូមិថ្លែងថា អាជ្ញាធរមិនបានព្យាយាមលាក់បាំង ឬកិបកេងប្រាក់ប្រជាពលរដ្ឋឡើយ។
ពលរដ្ឋម្នាក់ដែលចូលរួមការតវ៉ា លោក ញឹម សុភាព វ័យ ៥៤ឆ្នាំ ថ្លែងថា ប្រជាពលរដ្ឋដែលមកតវ៉ា គឺចេញពីឆន្ទៈផ្ទាល់ ដោយមិនមានអ្នកណាមកញុះញង់នោះទេ៖ «គេហៅប្រជាការពារមក ហើយសួរពលរដ្ឋថា អ្នកឯងមកហ្នឹងតាមគណបក្សប្រឆាំងហៅមក ឬយ៉ាងម៉េច? ពលរដ្ឋឆ្លើយថា ខ្ញុំចេះហូប ចេះចាយលុយ។ អ្នកឯងធ្វើអំពើអយុត្តិធម៌ ខ្ញុំត្រូវតែងើបតវ៉ា មិនបាច់គណបក្សប្រឆាំងណាមករុញខ្ញុំទេ។ ខ្ញុំចង់បានតែយុត្តិធម៌ទេ ចំពោះខ្ញុំ និងប្រជាពលរដ្ឋ»។
លោកឲ្យដឹងថា អាជ្ញាធរភូមិ និងប្រជាពលរដ្ឋបានយល់ព្រមផ្ដិតមេដៃលក់ដីត្រពាំងដែលជាដីរួមក្នុងភូមិ ទំហំជិត ៣ពាន់ម៉ែត្រការ៉េ ឲ្យឈ្មួញអភិវឌ្ឍដីឡូត៍កាលពីជាងមួយខែមុន ក្នុងតម្លៃ ១០ម៉ឺន ៥ពាន់ដុល្លារសហរដ្ឋអាមេរិក។ ពលរដ្ឋឲ្យដឹងថា អាជ្ញាធរសន្យាជាមួយប្រជាពលរដ្ឋថា នៅពេលឈ្មួញបញ្ចប់ការចាក់ដីលុបត្រពាំង ពួកគេនឹងបានប្រាក់ចំណែកលក់ដី ក៏ប៉ុន្តែពលរដ្ឋអះអាងថា ដីត្រពាំងត្រូវគេលុបរួចហើយ នឹងពុះចែកជាដីឡូត៍សម្រាប់លក់ ក៏ប៉ុន្តែអាជ្ញាធរនៅមិនទាន់ប្រគល់ប្រាក់ពីការលក់ដីរួម ឲ្យប្រជាពលរដ្ឋនៅឡើយ។
លោក សុភាព ឲ្យដឹងថា ប្រជាពលរដ្ឋដែលយល់ព្រមឲ្យលក់ដីរួម ដោយសារចង់បានប្រាក់មកផ្គត់ផ្គង់ជីវភាព ដ្បិតពលរដ្ឋខ្លះគ្មានប្រាក់ទិញអង្ករ៖ «ខ្ញុំសួរមេភូមិ គាត់ឆ្លើយថា រត់ការឯកសារមិនទាន់ហើយ។ ខ្ញុំសួរប្រហែលពីរអាទិត្យហើយ។ ឥឡូវគាត់ថា រត់ការហើយអស់ហើយ តែអ្នកទិញមិនទាន់ឲ្យលុយអស់»។
ពេលប្រជាពលរដ្ឋលើកគ្នាទៅតវ៉ាមុខសាលាបុណ្យ មេភូមិវាល លោក អ៊ិន មិន ដែលអមដោយកងកម្លាំងប្រជាការពារសង្កាត់ និងមន្ត្រីនគរបាល បានចេញមកជួបអ្នកតវ៉ា។ លោកមេភូមិ អ៊ិន មិន ច្រានចោលរាល់ការចោទប្រកាន់របស់ពលរដ្ឋ។ លោកប្រាប់ប្រជាពលរដ្ឋឲ្យរង់ចាំចំនួន ២សប្ដាហ៍ទៀត ដោយសារអាជ្ញាធររត់ការឯកសារលក់ដីមិនទាន់ចប់សព្វគ្រប់។
ប្រជាពលរដ្ឋឲ្យដឹងថា អាជ្ញាធរប្រាប់ពួកគេថា បានចំណាយប្រាក់អស់ ២ម៉ឺនដុល្លារនៃប្រាក់លក់ដីសរុបជាង ១០ម៉ឺនដុល្លារ។ បន្ថែមពីលើនេះ អាជ្ញាធរបានយកប្រាក់ប្រមាណ ៣ពាន់ដុល្លារទៅចាក់ដីធ្វើផ្លូវក្នុងភូមិ។
ជំនួយការរបស់មេភូមិវាល គឺលោក ទុយ យន បញ្ជាក់ថា អាជ្ញាធរត្រូវចុះកាសែតពីការលក់ដី ហើយត្រូវដាក់ពាក្យស្ដីពីការលក់ដីនៅប៉ុស្តិ៍ និងសាលាខណ្ឌ ដើម្បីបញ្ជាក់ពីការលក់ដីរួម៖ «រត់ការមិនដែលឲ្យលុយភ្លាមទេ។ គេទិញដី គេឲ្យធ្វើគ្រប់គ្រាន់សិនទៅ ពេលមានឯកសារគ្រប់គ្រាន់ គេឲ្យលុយ។ សន្យាបីខែ ឥឡូវមិនទាន់គ្រប់បីខែផង។ ប្រជាជនចេះតែផ្អើលថាយកលុយទៅណា? មានឯណា! គេមិនទាន់ឲ្យលុយផង»។
ទោះបីជាយ៉ាងណា ប្រជាពលរដ្ឋតវ៉ាថា អាជ្ញាធរមិនបានពិភាក្សារឿងចំណាយលើការធ្វើផ្លូវនេះទេ ហើយពួកគាត់ថា ផ្លូវក្នុងភូមិជាបន្ទុករបស់រដ្ឋ មិនមែនយកប្រាក់ពីការលក់ដីនេះទៅធ្វើផ្លូវឡើយ៕