កំពង់ចាម៖នៅព្រឹកថ្ងៃទី២៥ខែសីហាឆ្នាំ២០១៦ លោកផេន សុផល ប្រធានគណបក្សប្រជាជនកម្ពុជានិងជាអភិបាលនៃគណៈអភិបាលស្រុកកោះសូទិន រួមជាមួយក្រុមការងារយុវជនថ្នាក់កណ្តាលចុះជួយស្រុកនិងមន្ត្រីបក្ស ស្រុក ឃុំ ភូមិ យុវជន បាននាំយកអំណោយរបស់ ឯក ឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងរបស់ គណបក្សស្រុក ទៅឧបត្ថម្ភ គ្រួសារ សព និងគ្រួសារភ្លើងឆេះផ្ទះ ស្ថិតនៅក្នុងឃុំមហាខ្ញូង ស្រុកកោះសូទិនខេត្តកំពង់ចាម។
នាឱកាសនោះ លោកផេន សុផល ប្រធានគណបក្សប្រជាជនកម្ពុជានិងជាអភិបាលនៃគណៈអភិបាលស្រុកកោះសូទិនបានមានមតិសម្ដែងនូវការសោកស្ដាយនិងអាណិតអាសូរចំពោះគ្រួសារសពនិងគ្រួសារភ្លើងឆេះផ្ទះ ស្ថិតនៅក្នុងឃុំមហាខ្ញូង ស្រុកកោះសូទិនខេត្តកំពង់ចាម។លោកអភិបាលក៏បានលើកឡើងថាទង្វើនេះគឺជាការផ្សារភ្ជាប់មនោសញ្ចេតនា រវាងគណបក្សនិងមហាជនទូទៅក៏ជាការរួមរំលែកទុក្ខសោកនិងកាត់បន្ថយក្តីកង្វល់មួយគ្រាៗស្របតាមទិសស្លោកថា ទីណាមានការលំបាកនិងទុក្ខកង្វល់របស់ប្រជាជន ទីនោះគឺមានគណបក្សប្រជាជនជាអ្នកចូលរួមជួយដោះស្រាយ ។
ហើយគណបក្សនិងថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់លើស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មិនសន្យាខ្យល់ដូចបក្សខ្លះបានតែថាញុះញង់លាបពណ៌បង្ខូចរាជរដ្ឋភិបាលបង្កសាងរឿងចលាចលឥតឈប់ឈរ ហើយទម្លាក់មកលើបក្សប្រជាជន ហើយគៀងគរប្រមូលប្រជាពលរដ្ឋបាតុកម្ម ហែញត្តិ ទៅព្រះកុរណាស្នើលើកលែងទោសដោយសារខ្លួនមានស្រីញីតុលាការកោះហៅមិនចូលខ្លួន កំសាក មិនហ៊ានប្រឈមចំពោះមុខច្បាប់។
នៅក្នុងឱកាសនោះលោកអភិបាលស្រុកក៏បានអំពាវនាវឲ្យបងប្អូនត្រូវចូលរួមចុះឈ្មោះបោះឆ្នោតតាមច្បាប់របស់គ ជប ថ្មីដែលអនុវត្តន៍ចាប់ពីថ្ងៃទី០១ខែកញ្ញារហូតដល់ថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីមានសិទ្ធិបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់២០១៧និងបោះឆ្នោតជាតិ២០១៨ខាងមុខជ្រើសរើសបក្សដែលខ្លួនស្រឡាញ់និងពេញចិត្ត ហើយត្រូវចូលរួមលើគោលការណ៍នៃការអនុវត្តភូមិឃុំមានសុវត្ថិភាព ដើម្បីសង្គមមានការអភិវឌ្ឍសម្បូរសប្បាយរីកចម្រើនចិរកាលក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនជាប្រមុខដឹកនាំ បន្ទាប់មកក្រុមការងារក៏បានផ្ដល់សំភារៈនិងគ្រឿងឧបភោគបរិភោគ រួមនិងថវិកាមួយចំនួនដល់គ្រួសារ សព និងគ្រួសារភ្លើងឆេះផ្ទះនាក្នុងឱកាសនោះផងដែរ។
ក្រោយពីចូលរួមបុណ្យសពរួចមកលោកអភិបាលស្រុកក៏បានដឹកនាំមន្រ្តីរាជការសាលាស្រុកកងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋបាននាំគ្នាចូលរួមដាំដើមឈើនៅក្នុងទឹកដីឃុំមហាខ្ញូងទៀតផងដែរ៕
អត្ថបទ៖ដោយ លោកឈន់សីហា