កំពង់ចាម៖នៅព្រឹកថ្ងៃទី២៦ ខែសីហាឆ្នាំ ២០១៦នៅវិទ្យាល័យជីហែ ឃុំពាមប្រធ្នោះស្រុកកោះសូទិន ខេត្តកំពង់ចាម បានរៀបចំ ពិធីវគ្គបណ្តុះបណ្តាល ស្តីពីការងារចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦ក្រោម អធិបតី លោកផេន សុផល អភិបាលស្រុកកោះសូទិន ។វគ្គបណ្តុះបណ្តាល នេះមានវត្តមានចូលរួមពី លោក កើត ប៉ាត សមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោត ខេត្តនិង ជាគ្រូបង្គោល លោកលោកស្រីជាក្រុមប្រឹក្សាឃុំ ស្រុក មេឃុំ ស្មៀនតំណាងគណបក្សនយោបាយ អង្គការសង្គមស៊ីវិល ក្រុមការងារចុះឈ្មោះបោះឆ្នោតឃុំនិងអ្នកដែលពាក់ព័ន្ធជាច្រើននាក់ផងដែរ។
នាឱកាសនោះ លោកផេន សុផល អភិបាលស្រុកកោះសូទិនបានលើកឡើងផងដែរថា៖យោងតាមច្បាប់របស់គជបថ្មីប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំគិតដល់ថ្ងៃបោះឆ្នោតត្រូវចូលរួមចុះឈ្មោះបោះឆ្នោត នៅតាមសាលាឃុំ និងការិយាល័យ ដែលមាននៅតាមឃុំ ហើយនិងតាមក្រុមការងារចុះឈ្មោះបោះឆ្នោតបានបែងចែកកាលវិភាគកំណត់ ដែលមានរយៈពេល៣ខែពីថ្ងៃទី០១ខែកញ្ញា ដល់ថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៦ដោយភ្ជាប់នូវឯកសារដែលពាក់ព័ន្ធបញ្ជាក់អំពីអត្តសញ្ញាណសំគាល់របស់សម៉ីជនក្នុងករណីពុំមានឯកសារបញ្ជាក់ខាងលើសម៉ីជនត្រូវនាំសាក្សី២រូបជានិតិជនទៅសាលាឃុំដើម្បីសុំលិខិតបញ្ជាក់ពីលោកមេឃុំដើម្បីបញ្ជាក់ទើបអាចចុះឈ្មោះ ប្រជាពលរដ្ឋគ្រប់រូបត្រូវចូលរួមមកចុះឈ្មោះដើម្បីមានសិទ្ធិចូលរួមបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០១៧ ២០១៨ ករណីមិនបានចុះឈ្មោះគឺមិនសិទ្ធិបោះឆ្នោតបានឡើយ។
លោកអភិបាលស្រុកក៏បានបន្ថែមផងដែរនិងស្នើដល់សិក្ខាកាម ដែលជាក្រុមប្រឹក្សាឃុំ មេឃុំ តំណាងបក្យនយោបាយ ត្រូវចូលរួមផ្សព្វផ្សាយនិងណែនាំដល់ប្រជាពលរដ្ឋឲ្យចូលរួមមកចុះឈ្មោះឲ្យបានគ្រប់គ្នា មិនមានការកេងចំណេញនយោបាយ ពោលគឺក្នុងនាមអាជ្ញាធរ និងអនុវត្តន៍តាមតួនាទី និងច្បាប់នៃការបោះឆ្នោតរបស់គជបដែលបានកំនត់ ហើយគណៈកម្មាធិការចុះឈ្មោះបោះឆ្នោតដែលមានក្រុមការងារនៅតាមបណ្ដាឃុំ ក្នុងនាមជាអាជ្ញាធរសាធារណៈត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់មិនមានការប្រកាន់និន្នាការនយោបាយករណីមានបាតុភាពរំខានដល់កន្លែងចុះឈ្មោះត្រូវសហការជាមួយ កម្លាំងសមត្ថកិច្ចដែលពាក់ព័ន្ធធ្វើការបង្កាទប់ស្កាត់ឲ្យបានទាន់ពេលវេលា ៕