រាជធានីភ្នំពេញ ៖ នៅសាលាខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី ៣១ខែ សីហាឆ្នាំ២០១៦ មានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌលើកទី២៧ អាណត្តិទី២ ក្រោមវត្តមានលោកអ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ និង លោកអ៊ាង ស៊ីផាន អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ។ កិច្ចប្រជុំក៏មានការចូលរួមពីមន្ត្រីជំនាញការិយាល័យ សមាជិកក្រុមប្រឹក្សាខណ្ឌ នគរបាល អាវុធហត្ថ ចៅសង្កាត់ទាំង៨ និងសមាជិកសមាជិកា ចំណុះអោយក្រុមប្រឹក្សាខណ្ឌជាច្រើនរូបទៀត។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖ អង្គប្រជុំពិភាក្សាលើរបៀបវារៈប្រជុំមួយ ១- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី២៦ របស់ក្រុមប្រឹក្សាខណ្ឌ និង២/ ពិភាក្សាបញ្ហាផ្សេងៗ មួយចំនួនផងដែរ។
ក្រោយពី ស្ដាប់របាយការណ៍របស់រដ្ឋបាលខណ្ឌរយៈពេល១ខែនិងរបាយការណ៍សមិទ្ធផលនៃការអនុវត្តន៍ភារកិច្ចរបស់ការិយាល័យជំនាញ ដែលអានដោយលោក ហួត ហ៊ុយ នាយករដ្ឋបាលសាលាខណ្ឌច្បារអំពៅ ជម្រាបជូនអង្គប្រជុំ រួចមក លោកអ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ បាន មានមតិសំណេះសំណាលទៅកាន់កិច្ចប្រជុំនាឱកាសនោះ បានជម្រុញដល់សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់លើការ ការពារ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ក្រាបបទល្មើសគ្រប់ប្រភេទឲ្យបានទាន់ពេលវេលា មានផែនការមានការដាក់វេនប្រចាំការរវាង កងកម្លាំងប្រជាការពារសង្កាត់ ភូមិ សហការជាមួយប៉ុស្តិ៍នគរបាល ក្រុមប្រឹក្សាសង្កាត់ដើម្បីបង្ការបង្ក្រាបនូវបាតុភាពដែលបង្កឡើង ដោយ ក្រុម ក្មេងទំនើងនិងបទល្មើសផ្សេងៗ ដែលកើតមាន។
នាឱកាសនោះ លោកអ៊ាង ស៊ីផាន អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ ក៏បានលើកឡើងផងដែរថា៖ស្នើដល់បណ្ដាភូមិនិងមន្ត្រីដែលពាក់ព័ន្ធ ត្រូវអនុវត្តន៍ការងារ រដ្ឋបាលលើលិខិតស្នាមប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបម្រើសេវាសាធារណៈតាមច្បាប់ជាមូលដ្ឋានគ្រឹះ ហើយត្រូវជម្រុញការផ្សព្វផ្សាយច្បាប់ស្ដីពីចុះឈ្មោះបោះឆ្នោតថ្មីជូនប្រជាពលរដ្ឋដែលគ ជប និងចាប់អនុវត្តន៍ពីថ្ងៃទី០១ខែកញ្ញាដល់២៩ខែ វិច្ឆិកា ឆ្នាំ២០១៦ចំពោះប្រជាពលរដ្ឋដែលមានថ្ងៃខែកំណើតកើតមុនថ្ងៃទី៥ខែមិថុនា ១៩៩៩ទើបមានសិទ្ធិចុះឈ្មោះបាននៅតាមការិយាល័យ ភូមិ សាលាឃុំសង្កាត់ ដោយភ្ជាប់នូវ សំបុត្រកំណើត សៀវភៅគ្រួសារឬលិខិតផ្សេងៗដែលពាក់ព័ន្ធបញ្ជាក់ពី អាយុនិងទីលំនៅឲ្យបានច្បាស់លាស់៕