ឈ្មួញឈើដុះស្លែជាស្ដ្រីជនជាតិយួនម្នាក់ប្រចាំខេត្តស្ទឹងត្រែងឈ្មោះ « ព្រឿង » និងមានឈ្មោះជាខ្មែរថា « ហេង សំនៀង » ត្រូវកម្លាំងសមត្ថកិច្ចអាវុធហត្ថចាប់ឃាត់ខ្លួនបានហើយ នៅវេលាម៉ោង០៤ព្រឹកនាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ បន្ទាប់ពីឈ្មួញឈើឈ្មោះ « ព្រឿង » ប្រព្រឹត្តបទល្មើសជាក់ស្ដែងលួចទៅរំដោះយកឈើដែលសមត្ថកិច្ចបង្ក្រាបបានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ ។
គួររំលឹកជូនថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ កម្លាំងក្រុមការងារស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះស្រាវជ្រាវរកឃើញគំនរឈើប្រណីតចំនួន០៦រថយន្ដសាំងយ៉ុង និង០៦រថយន្ដបែនដែលគេលាក់ទុកនៅក្នុងចម្ការមួយកន្លែង ឋិតនៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ហើយឈើដ៏ច្រើននោះត្រូវបានសមត្ថកិច្ចប្រមូលដឹកយកមករក្សាទុកជាវត្ថុតាងនៅសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ ខេត្តស្ទឹងត្រែង ។