អាជ្ញាធរ​ខណ្ឌ​សែន​សុខ ដឹកនាំ​កម្លាំង​ចុះមក​វាយ​ទម្លុះ​របង ដើម្បី​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ ជូន​បងប្អូន​ប្រជាពលរដ្ឋ​

03-January-2017 | ដោយ ពល បញ្ញា



​ភ្នំពេញ​: អាជ្ញាធរ​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​មន្ត្រី​ជំនាញ របស់​សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៧ បានសម្រេច​ដឹកនាំ​កម្លាំង​ចុះមក​វាយ​ទម្លុះ​របង ដើម្បី​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ ជូន​បងប្អូន​ប្រជាពលរដ្ឋ ប្រើប្រាស់ បន្ទាប់ពី​ផ្លូវ​នេះ ត្រូវបាន​ឧកញ៉ា​ម្នាក់​ធ្វើ​របង​បិទផ្លូវ ប៉ង​រំលោភ​យក​ធ្វើ ជា​កម្ម​សិទ្ឋិ​ផ្ទាល់ខ្លួន ទាំង​បំពាន អស់​រយៈពេល​ជាច្រើន​ឆ្នាំ មកហើយ ដោយ​ភាពចំរូងចំរាស់​។
​ផ្លូវ​ដែល​រង​ការរំលោភបំពាន នឹងត្រូវ​បាន​រំដោះ​បានមក​វិញ ពី​ឧកញ៉ា​កំហូច​ម្នាក់ យកមក​កសាង​ជា​ផ្លូវ​បេតុង ជូន​ប្រជាពលរដ្ឋ ប្រើប្រាស់​វិញ នៅពេលនេះ គឺ​ផ្លូវ​លេខ​១៩៧៤ មាន​ទីតាំង​ភ្ជាប់​ពី​ផ្លូវ​លេខ​១០០៣ ដល់​ផ្លូវ​លេខ​៥៩៨ មាន​ទទឹង​ប្រវែង​១០​ម៉ែត្រ និង​បណ្តោយ​ប្រវែង ៤៦០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី​។​

​លោក ប៉ឹ​ល កុសល អភិបាល នៃ​គណៈ​អភិបាល ខណ្ឌ​សែន​សុខ បាន​មានប្រសាសន៍ថា ការស្នើសុំ​ធ្វើ​ផ្លូវ របស់​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​សហគមន៍ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ប្រមាណ​ជាង ១០០ គ្រួសារ​នេះ គឺ​តាំងពី​មិនទាន់ កកើត​ខណ្ឌ​សែន​សុខ មកម្ល៉េះ ។

​ដោយឡែក សម្រាប់ ខណ្ឌ​សែន​សុខ ទើបតែ​បង្កើតឡើង ក្នុងអំឡុង ឆ្នាំ​២០០៩ ដែល​បំបែក​ចេញពី​ភូមិសាស្ត្រ ខណ្ឌឫស្សីកែវ ដូច្នេះ​បងប្អូន​តវ៉ា ចង់បាន​ផ្លូវ​តាំងពី​មុននេះ ទៅទៀត​មកម្ល៉េះ ដូចដែល​យើងទាំងអស់គ្នា បានដឹងហើយថា រាល់​ការ​អភិឌ្ឍន៍​អ្វី​ក៏ដោយ គឺ​ត្រូវមាន​ផលប៉ះពាល់ និង​ត្រូវ​ដោះស្រាយ​ជាច្រើន ដែល​ធ្វើ​ឲ្យ​ការស្ថាបនា​នេះ មានកា​យឺតយ៉ាវ​បន្តិច ប៉ុន្តែ​ទន្ទឹម​និង​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ បានធ្វើការ​ដោះស្រាយ រួចរាល់​អស់ហើយ នៅថ្ងៃនេះ (​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៧ ) ដោយមាន​ការចូលរួម​ពី​មន្ត្រី អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ដាក់​គ្រឿងចក្រ ឈួ​ស​ឆាយ និង​វាយរបង​ប៉ះពាល់ មួយកន្លែង ដើម្បី​ស្ថាបនា ជា​ផ្លូវ​នេះ ជូន​ប្រជាពលរដ្ឋ តាម​សំណូមពរ​៕

ចំនួនអ្នកទស្សនា

    20458927

  • ថ្ងៃនេះ1251
  • ម្សិលមិញ3151
  • សប្តាហ៍នេះ31081
  • ខែនេះ16471
  • ឆ្នាំនេះ16471
  • សរុប20458927