ភ្នំពេញ៖ លោក នួន ផារ័ត្ន ដែលមានអាយុ៣៧ឆ្នាំ គឺជាអនុប្រធានគណបក្សប្រជាជនកម្ពុជានៅខេត្តកំពង់ស្ពឺ និងជាសមាជិកគណៈអចិន្ត្រៃយ៍នៃសហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាជាមន្ដ្រីថ្នាក់លេខ ៤ នៃក្របខណ្ឌ័គ្រប់គ្រងរដ្ឋបាល ទីស្ដីការគណៈរដ្ឋមន្ដ្រី ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានចេញអនុក្រឹត្យ តែងតាំងជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ ។
លោក នួន ផារ័ត្ន មានជំនាញផ្នែកច្បាប់ ហើយបានធ្វើការងារច្រើនទាក់ទងនឹងការតាក់តែងច្បាប់ ។ លោក នួន ផារ័ត្ន បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកនីតិសាស្ត្រ និងផ្នែកវិជ្ជាជីវៈតុលាការពីប្រទេសបារាំងក្នុងឆ្នាំ២០០៣ ។
ពេលត្រឡប់ពីប្រទេសបារាំង លោក ផារ័ត្ន បានធ្វើជាសាស្ត្រាចារ្យច្បាប់នៅសាលកវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ មុននឹងលោកក្លាយជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី មានឋានៈស្មើរដ្ឋលេខាធិការ ក្នុងឆ្នាំ២០០៧។ លោក នួន ផារ័ត្ន ក៏ធ្លាប់ចូលរួមចំណែកក្នុងការងារផ្នែកច្បាប់នៅសាលាក្តីខ្មែរក្រហមដែរ តាមរយៈតួនាទីជាប្រធានក្រុមអ្នកច្បាប់នៃការិយាល័យសហចៅក្រមស៊ើបអង្កេតផងដែរ។