ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជម្រុញឲ្យមេខណ្ឌទាំងអស់រឹតបន្តឹងសន្តិសុខបន្ថែមទៀតខណៈបទល្មើសឆក់ មានការកើនឡើងគួឲ្យព្រួយបារម្ភ។
ឯកឧត្តម បានថ្លែងបែបនេះក្នុង កិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គមប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៧ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ។
ឯកឧត្តម ឃួង ស្រេង ក៏បានបន្ថែមទៀតថា អភិបាលខណ្ឌទាំង១២ ដែលជាប្រធានគណៈបញ្ជាការឯកភាពនោះ ត្រូវ ជំរុញឲ្យកម្លាំងនគរបាលទាំងអស់ ត្រូវពង្រឹងសមត្ថភាពការពារសន្ដិសុខ សណ្ដាប់ធ្នាប់ឲ្យបានកាន់តែខ្លាំងថែមទៀត ប៉ុន្ដែចំពោះការងារបម្រើសាធារណៈវិញ ក៏ត្រូវបម្រើជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានទាន់ចិត្តផងដែរដើម្បីស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លើសពីនេះទៅទៀត ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានប្រគល់ថវិកា ថវិកា២០លានរៀល ជូនស្នងការនគរបាលរាជធានីភ្នំពេញ, ១០ម៉ឺនដុល្លារ ធ្វើរបាំងពុះចែកទ្រូងផ្លូវក្នុងរាជធានី និង២ម៉ឺនដុល្លារ សម្រាប់ធ្វើការជួសជុលមធ្យោបាយធ្វើដំណើររបស់កងកម្លាំង ដែលខូចខាត ហើយលោកក៏បានប្រគល់កុំព្យូទ័រ ជូនសម្រាប់ប្រើប្រាស់កិច្ចការរដ្ឋបាលផងដែរ។