BANGKOK: កាលពីថ្ងៃពុធទី៣០ខែកញ្ញា ក្រុមអ្នកប្រើប្រាស់បណ្ដាញអ៊ីនធើណេតបានវាយប្រហារគេហទំព័ររបស់រដ្ឋាភិបាលថៃ ធ្វើឲ្យមិនអាចដំណើរការបានអស់រយៈពេលជាច្រើនម៉ោង ។ នេះត្រូវបានជឿថា ក្រុមសកម្មជនលើបណ្ដាញអ៊ីនធើណេត បានប្រើប្រាស់បណ្ដាញផ្សព្វផ្សាយសង្គម ដើម្បីប្រមូលក្រុមអ្នកគាំទ្រ ចូលទៅកាន់គេហទំព័រទាំងនេះ ។ មូលហេតុនេះបានធ្វើឲ្យមានដំណើរការច្រើនលើសលុប ដែលបណ្ដាលឲ្យគេហទំព័រនេះរលត់ជាបណ្ដោះអាសន្នរយះពេល៨ម៉ោង កាលពីយប់ថ្ងៃពុធ ។ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទើបគេហទំព័រនេះមានដំណើរការឡើងវិញ ។ ការវាយប្រហារទាំងនេះ ធ្វើឡើងដើម្បីប្រតិកម្មទៅនឹងឯកសារលេចធ្លាយរបស់រដ្ឋាភិបាលមួយដែលបានបង្ហាញពីដំណោះស្រាយរបស់គណៈរដ្ឋមន្ត្រីកាលពីខែមិថុនា ដែលប្រកាសឲ្យបង្កើតច្រកត្រួតពិនិត្យប្រព័ន្ធអ៊ីនធើណេតតែមួយក្នុងប្រទេសថៃ ។ គោលបំណងនៃការបង្កើតនេះ គឺដើម្បីការពារប្រទេសថៃពីការប្រើប្រាស់បណ្ដាញអ៊ីនធើណេតក្នុងខ្លឹមសារមិនសមស្រប ។