កាលពីថ្ងៃព្រហស្បត្តិ៍ ប្រភពពីប្រទេសលីបង់បាននិយាយថា កងទ័ពអ៊ីរ៉ង់រាប់រយនាក់បានទៅដល់ប្រទេសស៊ីរីដើម្បីចូលរួមក្នុងការវាយប្រហារថ្មើរជើង ដើម្បីជួយគាំទ្រដល់រដ្ឋាភិបាលរបស់ប្រធានាធិបតី Bashar al-Assad ដែលជាសញ្ញាមួយបង្ហាញថាសង្គ្រាមស៊ីវិលកំពុងវិលត្រលប់មកវិញក្នុងតំបន់នេះ និងពិភពលោក ។
មេបញ្ជាការមួយក្រុមបាននិយាយថា យន្តហោះចម្បាំងរុស្ស៊ី ក្នុងការវាយប្រហារថ្ងៃទី២ ដោយបានទម្លាក់គ្រាប់បែកលើជំរំមួយរបស់ក្រុមឧទ្ទាមដែលត្រូវបានហ្វឹកហ្វឺនដោយភ្នាក់ងារចារកម្មរបស់អាមេរិក ដោយចាត់ទុកទីក្រុងមូស្គូ និងវ៉ាស៊ីនតោនជាគូបដិបក្ស នៅក្នុងសង្គ្រាមមជ្ឈឹមបូព៌ា ជាលើកដំបូងតាំងពីសង្គ្រាមត្រជាក់ ។
លោក Hassan Haj Ali មេដឹកនាំនៃក្រុមឧទ្ទាម Liwa Suqour al-Jabal ដែលជាផ្នែកមួយរបស់យោធាស៊ីរីសេរី បានប្រាប់ Reuters ថា គោលដៅនៃការវាយប្រហារមួយក្នុងចំណោមគោលដៅទាំងអស់ គឺជាទីតាំងក្រុមរបស់លោក នៅក្នុងខេត្ត Idlib រងការវាយប្រហារពីរលើកផ្សេងៗគ្នាដោយគ្រាប់មីស៊ីលចំនួន២០គ្រាប់ ។
ក្រុមសកម្មប្រយុទ្ធរបស់លោកត្រូវបានហ្វឹកហាត់ដោយភ្នាក់ងារ CIA ក្នុងទីក្រុង Qatar និង Saudi Arabia ដែលជាផ្នែកនៃកម្មវិធីមួយរបស់ទីក្រុង Washington ដែលនិយាយថា គឺជាគោលបំណងគាំទ្រដល់ក្រុម ដែលប្រឆាំងទាំងពីរគឺរដ្ឋអ៊ីស្លាម និងប្រធានាធិបតី Assad ៕