ក្រោយពីបានទទួលបានចំណូលជាច្រើន ពីក្រុមហ៊ុនដែលមិនបានចុះបញ្ជីនៅប្រទេសចិន បានធ្វើឲ្យលោកមហាសេដ្ឋី Wang Jianlin ក្លាយជាអ្នកជំនួញដ៏ល្បីល្បាញមួយរូប ទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក។ ជាងនេះទៅទៀត ក្រោយពីក្រុមហ៊ុនរបស់លោកចំនួនពីរ បានបោះផ្សាយមូលបត្រជាសាធារណៈជាលើកដំបូង កាលពីមួយឆ្នាំកន្លងទៅ ដែលរួមមានក្រុមហ៊ុនអចលនទ្រព្យ Wanda Commercial Properties និង ក្រុមហ៊ុនកម្សាន្ត Wanda Group បានធ្វើឲ្យលោកផ្លោះពីសេដ្ឋីជាប់ចំណាត់ថ្នាក់លេខ ៤ មកជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងឆ្នាំ ២០១៥ នៃចំណោមមហាសេដ្ឋីចិនទាំង ១០០រូប ដែលមានជាប់នៅក្នុងបញ្ជី។
ខាងក្រោមនេះ ពាណិជ្ជកម្ម កម្ពុជា នឹងលើកយកប្រវត្តិនៃការតស៊ូនិងការអភិវឌ្ឍន៍ខ្លួនរបស់លោកមកចែកជូនប្រិយមិត្តអ្នកអាន៖
គេចចេញពីជួរកងទ័ព ងាកមកធ្វើជាអ្នកជំនួញ
លោក Wang Jianlin កើតក្នុងឆ្នាំ ១៩៥៤ នៅខេត្ត ស៊ីឈួន ប្រទេសចិន ដែលឪពុករបស់លោកជា វីរៈបុរសយោធិនដ៏អង់អាចខ្លាហានមួយរូប ក្នុងបក្សកម្មុយនិស្តចិន។ ដោយសារតែអំណាចឥទិ្ធពលឪពុករបស់ខ្លួន ទើបលោក Wang អាចមានលទ្ធភាពចូលរួមបម្រើការងារ ក្នុងជួរកងទ័ពមួយឈ្មោះថា កងទ័ពរំដោះប្រជាជន (PLA) ដែលពេលនោះលោកស្ថិតក្នុងវ័យ ១៥ឆ្នាំ។ ដោយឈរលើស្មារតីក្តីស្រលាញ់ចង់ ធ្វើជាអ្នកជំនួញ ពីរឆ្នាំក្រោយមកលោកបានសម្រេចចិត្តថា អនាគតរបស់លោកមិនមែនជាអគ្គមេបញ្ជាការកងទ័ពនោះទេ គឺលោកចង់ធ្វើជាអ្នកជំនួញ។
ឆ្លងកាត់បទពិសោធន៍កាងារកាន់តែច្រើន ជោគជ័យកាន់តែធំ
ក្រោយពីលោកបានបោះបង់ បម្រើកាងារក្នុងជួរកងទ័ព លោកបានធ្វើការជា មន្រ្តីរដ្ឋបាលម្នាក់នៅស្រុក Xigang នៃក្រុង Dalian។ ក្នុងឆ្នាំ ១៩៨៩ លោកបានក្លាយជាអ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន អភិវឌ្ឍលំនៅឋានស៊ីហ្គាំង។ ក្រោយមកក្នុងឆ្នាំ ១៩៩២ លោកបានបន្ថែមកាងារមួយទៀត គឺលោកធ្វើការឲ្យក្រុមហ៊ុន Dalian Wanda Group ជានាយកគ្រប់គ្រងទូទៅ អស់រយៈពេលជាងមួយឆ្នាំ លោកក៏ត្រូវបានតម្លើងតំណែងជា នាយកប្រតិបត្តិក្នុងឆ្នាំ ១៩៩៣។ គួរជម្រាបថា លោក Wang Jianlin បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Laioning University ក្នុងវ័យ ៣២ឆ្នាំ ហើយបច្ចុប្បន្ន លោកមានអាយុ ៦១ ឆ្នាំ។
ទ្រព្យសម្បត្តិរបស់ លោក Wang Jianlin នាពេលបច្ចុប្បន្ន ដែលគេស្គាល់ថាជា ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ និង សហស្ថាបនិកក្រុមហ៊ុនកម្សាន្ត Wanda Group បានកើនឡើងពី ១៣.២ ពាន់លានដុល្លារអាមេរិក ដល់ ៣០ពាន់លានដុល្លារអាមេរិក នៅក្នុងបញ្ជីឈ្មោះអ្នកមានទ្រព្យសម្បត្តិនៅចិន ក្នុងឆ្នាំ ២០១៥ នេះ។
បន្ថែមពីនេះ លោក Wang Jianlin មានឈ្មោះល្បីនៅក្រៅប្រទេសចិន ដោយសារការទិញយកក្រុមហ៊ុននៅបរទេសជាច្រើន ដូចជាក្រុមហ៊ុនរៀបចំការប្រកួត Ironman ក្រុមហ៊ុនធ្វើទីផ្សារផ្នែកកីឡារបស់ស្វ៊ីស Infront និងភាគហ៊ុននៅក្នុងក្លឹបបាល់ទាត់ Atletico Madrid របស់អេស្ប៉ាញជាដើម។
លោក Wang បានផ្លោះពីចំណាត់ថ្នាក់ទី៤ ទៅចំណាត់ថ្នាក់ទី១ ក្នុងបញ្ជីឈ្មោះអ្នកមានរបស់ទស្សនាវដ្តី Forbes ពោលគឺជា មនុស្សមានឥទ្ធិពលមួយរូប ក្នុងចំណោមមនុស្សមានឥទ្ធិពលបំផុតនៅចិន៕
ប្រភព៖ businesscambodia