កូរ៉េខាងជើង តែងតែប្រកាសសង្គ្រាមនៅពេលដែលស្ថានភាពក្នុងតំបន់ឧបទ្វីបកូរ៉េ មានភាពតានតឹង។ តែចុងក្រោយនេះ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពបរិស្ថាន ដែលសំដៅការប្រែប្រួល អាកាសធាតុ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏បានប្រកាសសង្គ្រាមមួយថ្មីផងដែរ។ នោះគឺ សង្គ្រាមប្រឆាំង «ការកាប់ព្រៃឈើ»។
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានអះអាងថា ប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងធ្វើសង្គ្រាមប្រឆាំងការកាប់ព្រៃឈើដែលមានគោលបំណងផ្សារភ្ជាប់ កូរ៉េខាងជើងទៅនឹងចំណាត់ការរបស់ពិភពលោកលើបញ្ហាបរិស្ថាន។ ការអះអាង បែបនេះធ្វើឡើងក្នុងឱកាសនៃកិច្ចប្រជុំកំពូលស្តីពី ការប្រែប្រួលអាកាសធាតុក្នុងក្រុងប៉ារីសកាលពីថ្ងៃម្សិលមិញ។
លោក Ri Su Yong រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានបញ្ជាក់ សង្គ្រាមប្រឆាំងការកាប់ព្រៃឈើរបស់លោក គីម ជុងអ៊ុន គឺសំដៅលើគម្រោងនៃការប្រែក្លាយតំបន់ភ្នំទាំងអស់របស់កូរ៉េខាងជើង ឲ្យទៅជាភ្នំមាសដែលពោរពេញទៅដោយព្រៃឈើក្រាស់។ លោក Ri បានបន្ថែមទៀតថា កូរ៉េខាងជើង មានគម្រោងបញ្ចប់ការដាំដើមឈើច្រើនបំផុតនៅក្នុងរយៈពេល១ទសវត្សរ៍ ដែលគម្រោងនេះ នឹងជួយទប់ស្កាត់នូវការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយការបញ្ចេញឧស្ម័នពុលផងដែរ។
សូមបញ្ជាក់ផងដែរថា មេដឹកនាំកំពូលរបស់ពិភពលោកប្រមាណ១៩៥ប្រទេស កំពុងពិភាក្សាគ្នាក្នុង ការស្វែងរកដំណោះស្រាយដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុក្នុង កិច្ចប្រជុំកំពូលក្នុងក្រុង ប៉ារីស។ ប្រទេសអភិវឌ្ឍន៍ សន្យាផ្តល់ជំនួយ ខណៈ ប្រទេសកំពុងអភិវឌ្ឍន៍ ប្តេជា្ញ រួមចំណែកកាត់បន្ថយការកាប់ព្រៃឈើខុសច្បាប់ និងការបញ្ចេញឧស្ម័នពុល។
តែរឿងគួរភ្ងាក់ផ្អើល និងកត់សម្គាល់នោះ រដ្ឋឯកោកូរ៉េខាងជើង ដែលជាភាគីនៃអនុសញ្ញាស្ពីពីការប្រែប្រួលអាកាសធាតុអង្គការសហប្រជាជាតិ បានចេញចំណាត់ការយ៉ាងមុតម៉ាំក្នុងការផ្សារភ្ជាប់ខ្លួនយ៉ាងសកម្ម ជាមួយនឹងចំណាត់ការពិភពលោកតាមរយៈគោលនយោបាយមួយដែលមានឈ្មោះថាសង្គ្រាម ប្រឆាំងការកាប់ព្រៃឈើនោះឯង៕
ប្រភព៖ thmeythmey