ក្រុមហ៊ុន អាកាសចរណ៍ថៃ Bangkok Airways បានលុបចោលជើងហោះហើរពីទីក្រុងបាងកក ទៅកាន់កោះសាមុយកាលពីថ្ងៃសុក្រម្សិលមិញ បន្ទាប់ពីអ្នកដំណើរបរទេសម្នាក់គំរាមបំផ្ទុះគ្រាប់បែក។
លោក Sirote Duangratana អ្នកចាត់ការទូទៅនៃព្រលានយន្តហោះ Suvarnabhumi បានឲ្យដឹងថាភីឡុតនៃជើងហោះហើរ PG145 បានសម្រេចចិត្តបោះបង់គម្រោងហោះហើរនៅម៉ោង២:២០នាទីរសៀល ខណៈដែលយន្តហោះបានឈរជើងត្រៀមបម្រុងនឹងចាកចេញទៅកាន់រមណីយដ្ឋាន កោះនោះទៅហើយ។
អ្នកចាត់ការរូបនេះដដែល បន្ថែមឲ្យដឹងទៀតថា ការសម្រេចចិត្តដើម្បីសុវត្ថិភាពនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីអ្នកដំណើរបរទេស២នាក់បានឈ្លោះប្រកែកគ្នា ហើយម្នាក់ក្នុងចំណោមពួកគេបានគំរាមបំផ្ទុះគ្រាប់បែកនៅលើ យន្តហោះ។
យន្តហោះ ដែលបម្រុងនឹងធ្វើដំណើរនោះមានឈ្មោះថា Airbus A319 អាចផ្ទុកអ្នកដំណើរបាន៩៩នាក់។ ក្រោយមកអ្នកដំណើរទាំងអស់ ក៏បានសាងទៅជើងហោះហើរ PG187 ដែលបានចាកចេញពីព្រលានយន្តហោះ Suvarnabhumi នៅម៉ោង០៧:៣០នាទីយប់វិញ។ នេះបើតាមនាយកប្រតិបត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍បញ្ជាក់ឲ្យដឹង៕
ប្រភព៖ bangkokpost , sabay