ក្រុមហ៊ុន Alibaba បានសម្រេចទិញយកសារព័ត៌មានដ៏មានឥទ្ធិពលនៅហុងកុង South China Morning Post កាលពីសប្តាហ៍មុន ក្នុងគោលបំណងប្រកួតប្រជែងជាមួយប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចដែលលម្អៀង និងជួយកែមុខមាត់មហាយក្សចិននៅលើឆាកអន្តរជាតិ។ ម្ចាស់ក្រុមហ៊ុន លោក Jack Ma បានអះអាងរឿងទិញស្ថាប័នព័ត៌មាននេះគ្មានពាក់ព័ន្ធរដ្ឋាភិបាលក្រុង ប៉េកាំងទេ។
ជារឿងគួរឲ្យភ្ងាក់ផ្អើល នៅពេលដែលក្រុមហ៊ុន Alibaba របស់លោក Jack Ma បានសម្រេចជោគជ័យក្នុងការទិញស្ថាប័នព័ត៌មាន South China Morning Post ដ៏មានឥទ្ធិពលនិង បោះពុម្ភផ្សាយជាភាសាអង់គ្លេសនៅតំបន់ហុងកុង។ សារព័ត៌មាន South China Morning នេះត្រូវបានគេទទួលស្គាល់ដោយសារការផ្សព្វផ្សាយរឿងរសើបៗផ្នែកនយោបាយ និងបញ្ហាសិទ្ធិមនុស្ស ដែលសុទ្ធសឹងតែជាសំណុំរឿងដែលសារព័ត៌មានចិនឯទៀតមិនហ៊ានផ្សាយ។ ក្រុមហ៊ុន Alibaba បានចំណាយពេលវេលាច្រើនខែដើម្បីចរចាសុំទិញស្ថាប័នសារព័ត៌មានមួយនេះ ហើយចុងក្រោយក៏បានសម្រេចបំណងខ្លួនមែន។
បំណងធំបំផុតនៃការឈានទៅទិញស្ថាប័នផ្សព្វផ្សាយនេះ គឺដើម្បីលើកមុខមាត់មហាយក្សចិនដែលកំពុងរះត្រដែតឡើងនៅលើឆាក អន្តរជាតិ ប៉ុន្តែត្រូវប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចធ្វើឲ្យខូចកេរ្តិ៍ឈ្មោះ ដោយនិន្នាការមិនអព្យាក្រឹត្យរបស់គេ។
ក្រុមហ៊ុន Alibaba បានអះអាងថា គោលបំណងនៃការទិញស្ថាប័នព័ត៌មានគឹដោយសារតែប្រព័ន្ធផ្សព្វផ្សាយ លោកខាងលិចលម្អៀងពេក ហើយការទិញយកប្រព័ន្ធផ្សព្វផ្សាយនេះនឹងជួយលើកមុខមាត់ប្រទេសចិន និងជួយផ្សព្វផ្សាយរឿងវិជ្ជមានពីប្រទេសចិនថែមទៀត។
«ជំនួញយើងដែលមានមូលដ្ឋានគ្រឹះនៅក្នុងប្រទេសចិន និង មានទំនាក់ទំនងជាមួយផ្នែកជាច្រើននៃសេដ្ឋកិច្ចចិន ដែលនៅពេលមនុស្សមិនយល់ពីចិន ហើយមានទស្សនអវិជ្ជមានចំពោះចិន ពួកគេក៏ដូចយល់ខុសពីក្រុមហ៊ុន Alibaba ដូចគ្នា»។ នេះជាសម្តីរបស់អគ្គនាយករងក្រុមហ៊ុន Alibaba លោក Joseph C. Tsai។
យ៉ាងណាមិញ កិច្ចព្រមព្រៀងទិញប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ុនឯកជន Alibaba បានធ្វើឲ្យមានមនុស្សជាច្រើនរិះគន់។ គេបារម្ភថា ក្រុមហ៊ុនឯកជនដែលនឹងគ្រប់គ្រងសារព័ត៌មានដ៏មានឥទ្ធិពលនេះ វាអាចនឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការស្ថាប័ន ដូចជាអព្យាក្រឹត្យ និងសេរីភាពបញ្ចេញមតិថែមទៀត។ គេបារម្ភព្រោះតែនិន្នាការទោរទន់របស់ក្រុមហ៊ុនឯកជននេះទៅរករបប ដឹកនាំក្រុងប៉េកាំង។
ប៉ុន្តែឆ្លើយតបការបារម្ភនេះ ក្រុមហ៊ុន Alibaba បានអះអាងថា ខ្លួនគ្មានផែនការជ្រៀតជ្រែកកិច្ចការរបស់អ្នកសារព័ត៌មានទេ ហើយក្រុមហ៊ុនក៏មិនដាក់ការត្រួតពិនិត្យការនិពន្ធមុនពេលបោះពុម្ពផ្សាយឡើយ។ ដែលនេះមានន័យថា សុច្ចរិតភាព និង ឯករាជ្យនៃស្ថាប័នផ្សព្វផ្សាយនៅតែអាចរក្សាបាន ៕
ប្រភព៖ thmeythmey