ប៉ូលីសថៃបានចោទប្រកាន់បុរស ម្នាក់ពីបទប្រមាថ ក្សត្រថៃ ព្រះចៅ ភូមិបុល អាប់ឌុលយ៉ាដេត ប្រមាថរបបយោធា និងមើលងាយសុនខ របស់ទ្រង់ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន។ ជនដែលជាកម្មកររោងចក្រនេះអាចជាប់ពន្ធនាគារដល់ ៣៧ឆ្នាំឯណោះ។ នេះបើយោងតាម សារព័ត៌មាន New York Times។
បុរសជនជាតិថៃម្នាក់ឈ្មោះ Thanakorn Siripaiboon ប្រឈមមុខនឹងការជាប់ឃុំឃាំងរយៈពេល៣៥ឆ្នាំ ព្រោះត្រូវរងការចោទប្រកាន់ថា បានប្រមាថព្រះមហាក្សត្រថៃ ព្រះចៅភូមិបុល អាប់ឌុលយ៉ាដេត និងឆ្កែរបស់ទ្រង់ឈ្មោះ Tongdaeng តាមគណនីហ្វេសប៊ុករបស់ខ្លួន។
លោក Anon Numpa មេធាវីជនជាប់ចោទបានថ្លែងដោយហួសចិត្តថា ៖« ខ្ញុំមិនដែលស្រមៃថា គេប្រើប្រាស់ច្បាប់បរិហារកេរ្តិ៍ ព្រះមហាក្សត្រសម្រាប់រឿងសត្វឆ្កែរបស់ស្តេចបែបនេះទេ។ វាមិនមានហេតុផលសោះ»។
ក្រៅពីបទចោទប្រមាថមើលងាយសត្វឆ្កែនោះ លោក Thanakorn Siripaiboon ដែលមានវ័យ២៧ឆ្នាំ ក៏ត្រូវរងការចោទប្រកាន់ពីករណីផ្សេងទៀតដូចជាបទល្មើសប្រមាថស្ដេច ការបះបោរ និងបទចោទឧក្រិដ្ឋកម្មតាមបណ្ដាញកុំព្យូទ័រ។ នេះក៏ដោយសារ ជននេះបានចុច Like លើរូបថតសម្រាកព្យាបាលរបស់ស្ដេចថៃហើយបានចែករំលែក (Share) រូបថតនោះ ព្រមទាំងចុច Like លើរូបភាពបង្ហាញពីរឿងអាស្រូវពុករលួយរបស់របបយោធាថៃ។ នេះមានន័យថា Siripaiboon អាចនឹងជាប់គុកដល់ទៅ៣៧ឆ្នាំ។
ដូចដែលគេធ្លាប់បានដឹងរួចហើយ ប្រទេសថៃមានច្បាប់ប្រឆាំងរាល់ការប្រមាថព្រះមហាក្សត្រ។ ជនណាក៏ដោយដែលត្រូវបានរកឃើញថា បានប្រមាថព្រះមហាក្សត្រព្រះជន្មវ័យ៨៨វស្សានេះ ព្រះមហាក្សត្រីយ៍ឬរាជទាយាទ ព្រមទាំងសមាជិករាជវង្សដទៃទៀត នឹងត្រូវជាប់ពន្ធនាគារចាប់ពី១៥ឆ្នាំឡើងទៅ។
លើសពីនេះ ចាប់តាំងពីយោធាដណ្តើមអំណាចកាលពីឆ្នាំមុនមក ការចោទប្រកាន់និងកាត់ទោសប្រជាជនពាក់ព័ន្ធករណីប្រមាថព្រះមហាក្សត្រ នេះមានការកើនឡើងយ៉ាងខ្លាំង។ ហើយសូម្បីតែ អគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងបាងកក ក៏កំពុងស្ថិតក្រោមការស៊ើបអង្កេត ក្រោមបទប្រមាថស្ដេចដែរ ដោយសារតែបាននិយាយរិះគន់ដល់ការកាត់ទោសដែលមានរយៈពេលយូរ។
សូមបញ្ជាក់ថា ព្រះមហាក្សត្រ ភូមិបុល អាប់ឌុលយ៉ាដេត ដែលជាស្ដេចគ្រងរាជ្យយូរជាងគេ ត្រូវបានគោរពយ៉ាងខ្លាំងក្នុងចំណោមប្រជាជនថៃនិងត្រូវចាត់ទុកជា និមិត្តរូបឯកភាពជាតិ។ ម្យ៉ាងទៀត ស្ដេចអង្គនេះត្រូវបានការពារដោយច្បាប់ ដែលមិនអនុញ្ញាតឲ្យមានការនិយាយប៉ះពាល់ឡើយ៕
ប្រភព៖ thmeythmey