កូរ៉េខាងជើង បានព្រមានចំពោះសហរដ្ឋអាមេរិក ពីបច្ច័យអាក្រក់ ដែលមិនអាចស្មានដល់ពីគោលនយោបាយដែលបង្កអរិភាពចំពោះរដ្ឋ ដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរនេះ ដោយជំរុញក្រុងវ៉ាស៊ីនតោន ឲ្យទទួលយកនូវសំណើរង់ចាំមួយអស់រយៈពេលដ៏យូរសម្រាប់សន្ធិសញ្ញាសន្ដិភាពមួយ។
ការព្រមាននេះត្រូវបានធ្វើឡើង នៅក្នុងសេចក្ដី ថ្លែងការណ៍មួយពីក្រសួងការបរទេសរបស់កូរ៉េខាងជើង កាលពីល្ងាចថ្ងៃពុធ នៅក្នុងប្រតិកម្មតបទៅនឹងទណ្ឌកម្មទាំងឡាយថ្មីៗនេះ ដែលកំហិតដោយក្រុងវ៉ាស៊ីនតោន កាលពីសប្ដាហ៍កន្លងទៅនេះ។
អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបានលើកឡើងនូវក្ដីទោមនស្ស ព្រមទាំងបានជំរុញផងដែរពីការលើកយកមកនិយាយដល់សន្ធិសញ្ញាសន្ដិភាព ជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់នូវគោលនយោបាយអរិភាពបែបយ៉ាងនេះ ដោយបាននិយាយពីមូលហេតុនៃការដាក់ទណ្ឌកម្ម ដែលនេះគឺជាដើមហេតុនៃគ្រប់បញ្ហាទាំងអស់។
កាលពីសប្ដាហ៍កន្លងទៅនេះ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មហិរញ្ញវត្ថុប្រឆាំងនឹងបុគ្គលកូរ៉េខាងជើងចំនួន ៦រូប ព្រមទាំងក្រុមហ៊ុនមួយចំនួន ដែលជាប់ពាក់ព័ន្ធនឹងការរីកសាយភាយអាវុធ។
នៅក្នុងនោះរួមមានយុទ្ធសាស្ដ្រ Strategic Rocket Force របស់កូរ៉េខាងជើង ដែលមានការសាកល្បងតេស្ដមីស៊ីលប៉ាលីស្ទីកក្នុងឆ្នាំ ២០១៤ ធនាគារចំនួន ២ ព្រមទាំងក្រុមហ៊ុនដឹកជញ្ជូនតាមនាវាចំនួន ៣ ក្រុមហ៊ុន ដែលជាប់ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មសាស្ដ្រាវុធ។
នេះបើយោងតាមការលើកឡើងអំពីការដាក់ទណ្ឌកម្ម ដែលចេញផ្សាយដោយរតនាគារសហរដ្ឋអាមេរិក៕
ប្រភព៖ kampucheathmey