បាងកក៖ Muang Thai Life Assurance (MTL) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរបស់ប្រទេសថៃ គ្រោងនឹងលក់កញ្ចប់សេវាកម្ម ធានារ៉ាប់រងអាយុជីវិតដំបូងរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ហើយក៏ជាការប្រតិបត្តិការដំបូងរបស់ខ្លួន នៅខាងក្រៅប្រទេសថៃផងដែរ ដោយនឹងចាប់ផ្តើមនៅដើមឆ្នាំ ២០១៦ ខាងមុខនេះហើយ។
ប្រតិបត្តិការរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមួយនេះ នឹងចូលហ៊ុនគ្នាជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Sovanaphum Life Assurance Plc រួមជាមួយនឹង Canadia Investment Holding ដែលជាដៃគូររបស់ក្រុមហ៊ុន Sovanaphum Life Assurance Plc ជាមួយនឹងកញ្ចប់សេវាកម្មដែលផ្តោតលើគោលការណ៍ការការពារ និង ការធានារ៉ាប់រងសញ្ជ័ទាន។
បើតាមប្រសាសន៍របស់លោក Sara Lamsam ប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន MTL បានឲ្យដឹងថាក្រុមហ៊ុន Sovanaphum Life Assurance Plc រំពឹងថានឹងទទួលបានអជ្ញាប័ណ្ណសេវាធានារ៉ាប់រងអាយុជីវិត ពីមន្ត្រីអាជ្ញាធរកម្ពុជានៅដើមឆ្នាំក្រោយនេះ ដើម្បីឲ្យក្រុមហ៊ុនមួយនេះ អាចនឹងលក់កញ្ចប់សេវាកម្មធានារ៉ាប់រង តាមរយៈយន្តការចែកចាយរួមមាន៖ ភ្នាក់ងារ ធនាគារ និងប្រព័ន្ធឌីជីថល ។
គួរជម្រាបថា ក្រុមហ៊ុន MTL និងធនាគារ Canadia Investment Holding ដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជា បានដាក់ទុនវិនិយោគជាមួយ Sovanaphum ដោយមានទុនចុះបញ្ជីសរុប ៧លានដុល្លារអាមេរិក ។ ក្នុងនោះ ក្រុមហ៊ុន MTL របស់ថៃកាន់កាប់ហ៊ុន ៤៩ភាគរយ ក្នុងការបណ្តាក់ទុននោះ ហើយនៅសល់ប៉ុន្មាន គឺខាងធនាគារ Canadia ធ្វើជាម្ចាស់គ្រប់គ្រង៕
ប្រភព៖ BusinessCambodia