សេអ៊ូល៖ កាលពីថ្ងៃពុធមុននេះ ប្រទេសកូរ៉េខាងត្បូងបានចេញសេចក្តីប្រកាសជាផ្លូវការមួយថា លែងមានការរាតត្បាតជំងឺផ្លូវដង្ហើម Middle East Respiratory Syndrome (MERS) ទៀតហើយ។ ជំងឺនេះដែរធ្លាប់បានសម្លាប់មនុស្សនៅប្រទេសនេះប្រមាណ ៣៦នាក់ ហើយក៏បានធ្វើឱ្យប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងជាងគេចំណាត់ថ្នាក់ទីបួននៅតំបន់អាស៊ីនេះ មានការភ័យខ្លាចខ្លាំងណាស់ដែរ។
ក្រោយពីមានមានការឆ្លងជំងឺនេះដំបូងគឺនៅខែឧសភាមក រយៈពេលប្រហែល៧ខែក្រោយ រដ្ឋមន្ត្រីក្រសួងសុខាភិបាលទីក្រុងសេអ៊ូល និយាយថា "លែងមានការប្រឈមនឹងការបង្ករោគនេះទៀតហើយ"។
វីរុសនេះត្រូវបានចម្លងលើមនុស្សប្រមាណ១៨៦នាក់ និងមានមនុស្សប្រមាណ១៧០០០នាក់បានដាក់កំហិតឱ្យនៅក្នុងផ្ទះ ព្រមទាំងសាលារៀនរាប់ពាន់ទៀតត្រូវបិទទ្វារបណ្តោះអាសន្ន ខណៈពេលដែលវីរុសផ្ទុះឡើងក្នុងទ្រង់ទ្រាយធំបំផុតក្រៅពីប្រទេសអារ៉ាប៊ីសាវឌិត ដែលជាកន្លែងកើតជំងឺនេះដំបូងគេបំផុតកាលពីឆ្នាំ ២០១២។
សេចក្តីរាយការណ៍ពីទីក្រុងសេអ៊ូលបានឱ្យដឹងថា បុរសម្នាក់អាយុ៣៥ឆ្នាំ ដែលបានកំពុងតែព្យាបាលជំងឺមហារីករបស់ខ្លួនមុនពេលដឹងថាខ្លួនកើត ជំងឺMERS នេះ ហើយរូបគាត់ក៏បានស្លាប់នៅថ្ងៃទី ២៥ វិច្ឆិកានេះដែរ ដោយសារតែការវិវត្តន៍របស់ជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗ។
វីរុសជំងឺមួយនេះត្រូវបានគេចាត់ទុកថាធ្វើឱ្យឆាប់ស្លាប់ជាង ប៉ុន្តែមិនសូវឆ្លងខ្លាំងដូចជំងឺ Severe Acute Respiratory Syndrome (SARS) ដែលជាបងប្អូនជីដូនមួយរបស់ MERS និងបានស្លាប់មនុស្សអស់រាប់រយនាក់កាលពីផ្ទុះឡើងម្តងទៀតក្នុងតំបន់អាស៊ីក្នុងឆ្នាំ ២០០៣កន្លងទៅ។
សូមបញ្ជាក់ថា ការផ្ទុះឡើងវិញម្តងទៀតរបស់វីរុសជំងឺ MERS បានធ្វើឱ្យខាតបង់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរមួយក្នុងប្រទេស កូរ៉េខាងត្បូងមួយនេះ ព្រមទាំងខាត់បង់ចំណូលខាងវិស័យទេសចរណ៍អស់រយៈពេលជាច្រើនខែ៕