យោធាបានឲ្យដឹងថា កងកម្លាំងសន្តិសុខហ្វ៊ីលីពីនបានប៉ះទង្គិចជាមួយពួកខ្មាន់កាំភ្លើង ជាប់ទំនាក់ទំនងជាមួយក្រុមអាល់កៃដាមួយក្រុម ដែលគេជឿថាកំពុងចាប់ខ្លួនជនបរទេសធ្វើជាចំណាប់ខ្មាំងកាលពីថ្ងៃពុធ ដោយបណ្តាលឲ្យទាហានម្នាក់ និងខ្មាន់កាំភ្លើង ៨ នាក់ស្លាប់។
ការប៉ះទង្គិចនេះបានកើតឡើងនៅក្បែរទីប្រជុំជន Patikul នៅភាគខាងត្បូងកោះដាច់ស្រយាល Jolo ទីដែលខ្មាន់កាំភ្លើងមកពីក្រុមជីវពលអ៊ីស្លាមអាប៊ូសៃយ៉ាហ្វ ត្រូវគេជឿថាកំពុងចាប់ជនជាតិកាណាដាធ្វើជាចំណាប់ខ្មាំងរួមជាមួយនឹង ជនជាតិន័រវែសម្នាក់ និងហ្វ៊ីពីនម្នាក់។
លោកវរសេនីយ៍ត្រី ហ្វាល់ម៉ុន តាន់ (Filemon Tan) អ្នកនាំពាក្យយោធាតំបន់បានមានប្រសាសន៍ថា ទាហានម្នាក់បានស្លាប់ និង ៤ នាក់បានរងរបួស ប៉ុន្តែបានបដិសេធមិនឆ្លើយតបអំពីស្ថានភាពរបស់ចំណាប់ខ្មាំងនោះទេ។
លោកតាន់បានប្រាប់អ្នកសារព័ត៌មានថា ជនវាយប្រហារ ៨ នាក់ក្នុងចំណោម ១០០ នាក់ក៏ត្រូវបានសម្លាប់ដែរ ដោយបន្ថែមថា ពួកជីវពលនេះគឺមកពីក្រុមអាប៊ូសៃយ៉ាហ្វដឹកនាំដោយលោក អាអៀន សាវ៉ាឌាអាន (Hajan Sawadjaan)។
គួរបញ្ជាក់ថា កាលពីខែមុនក្រុមអាប៊ូសៃយ៉ាហ្វបានចេញវីដេអូអ្នកទេសចរកាណាដាពីរនាក់ ម្ចាស់រមណីយដ្ឋានន័រវែសម្នាក់ និងជនជាតិហ្វ៊ីលីពីនម្នាក់ដែលគេចាប់ពង្រត់នៅក្នុងតំបន់មួយ ផ្សេងទៀតនៃភាគខាងត្បូងហ្វ៊ីលីពីនកាលពីខែកញ្ញា និងទាមទារប្រាក់ជាថ្នូរចំនួន ២១ លានដុល្លារ៕
ប្រភព៖ rasmeinews