បើទោះបីជាប្រធានបទសមុទ្រ ចិនខាងត្បូង តែងតែត្រូវបានលើកជារបៀបវារៈរៀងរាល់កិច្ចប្រជុំកំពូលរវាង អាស៊ាន និងចិនក៏ដោយ ដំណោះស្រាយផ្លែផ្កា នៅមិនទាន់ត្រូវបានសម្រេចនៅឡើយនោះទេ។ អវត្តមាននៃដំណោះស្រាយនេះ គឺជាឱកាសមួយសម្រាប់ចិន ក្នុងការបន្តអនុវត្តគោលនយោបាយវាតទីនិយម។ ភាពមិនដាច់ស្រេចនេះ បានធ្វើឲ្យមហាយក្សចិន និងវៀតណាម ត្រូវប្រឈមមុខគ្នាជាថ្មី បន្ទាប់ពីស្ថានភាពហាក់ដូចជាស្ងប់ស្ងាត់មួយរយៈពេល។
រដ្ឋាភិបាលក្រុងប៉េកាំង បានច្រានចោលការចោទប្រកាន់របស់រដ្ឋាភិបាលក្រុងហាណូយពីការបំពានលើ អធិបតេយ្យជម្លោះសមុទ្រចិនខាងត្បូង ហើយអះអាងថាសកម្មភាពរបស់ខ្លួនធ្វើឡើងដោយស្របច្បាប់។ សេចក្តីប្រកាសនេះធ្វើឡើងក្រោយពីយន្តហោះល្បាតរបស់ចិន បានចុះចតលើតំបន់ថ្មប៉ប្រះទឹកនៅក្នុងតំបន់ជម្លោះសមុទ្រចិន ខាងត្បូង។
កាលពីថ្ងៃទី២ មករាកន្លងទៅ យន្តហោះល្បាតរបស់ចិន បានចូលចុះចតនៅក្នុងតំបន់ថ្មប៉ប្រះទឹក Fiery ដែលជាផ្នែកមួយ នៃបណ្តុំកោះស្ព្រាតលី និងជាតំបន់ដែលចិន និងវៀតណាមកំពុងតែប្រទាញប្រទង់ គ្នាក្នុងការដាក់ជាកម្មសិទ្ធិរៀងៗខ្លួន។ ភាគីទាំងពីរ សុទ្ធសឹងតែអះអាងថា មានសិទ្ធិក្នុងការចូលទៅ កាន់កាប់នៅក្នុងតំបន់ជម្លោះ។
តាមពិតទៅ វាមិនមែនជារឿងថ្មីនោះទេ ដែលមានវត្តមានកងទ័ព ឬសកម្មភាពចិននៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង។ គឺរយៈពេល៤ទសវត្សរ៍ហើយដែលចិន បន្តសកម្មភាពចូលទៅក្នុងតំបន់ជម្លោះ សមុទ្រចិនខាងត្បូងជាឯកតោភាគីដែលជាតំបន់ត្រួតស៊ីគ្នាជាមួយនឹងរដ្ឋ អាស៊ាននោះ។ រដ្ឋពាក់ព័ន្ធ នៅក្នុងជម្លោះសមុទ្រចិនខាងត្បូង រួមមាន ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម។
ខណៈការចរចារវាងអាស៊ាន និងចិនកំពុងតែស្ថិតនៅក្នុងនីតិវិធី ចិន បាននិងកំពុងសាងសង់កោះសិប្បនិម្មិតនៅក្នុងតំបន់ជម្លោះជាច្រើនហិកតា។ កោះសិប្បនិម្មិតនេះ ត្រូវបានគេជឿជាក់ថា នឹងប្រែក្លាយ ជាមូលដ្ឋានយោធារបស់ចិនដ៏សំខាន់ បើទោះជាចិន បានអះអាងថាសកម្មភាពរបស់ខ្លួន គឺដើម្បីបំពេញតម្រូវការស៊ីវិលក៏ដោយ។ ការបន្តសកម្មភាពម្តងបន្តិចៗរបស់ចិននៅក្នុងកោះសិប្បនិម្មិត កំពុងតែក្លាយជាការគំរាមកំហែងទាំងផ្នែកសន្តិសុខ និងសកម្មភាពពាណិជ្ជកម្មតាមដែនសមុទ្រ។
កន្លងមក គេសង្កេតឃើញថា មានតែហ្វីលីពីនប៉ុណ្ណោះនោះទេ ដែលហ៊ានចេញមុខតវ៉ាជាមួយចិន ទាំងផ្នែកការទូត ច្បាប់ និងយោធា។ យ៉ាងណាក៏ដោយ ចុងក្រោយនេះ វៀតណាម ជាភាគីជម្លោះ និង ជារដ្ឋជិតខាងជាមួយនឹងចិន បានប្រតិកម្មខ្លាំងទៅនឹងសកម្មភាពរបស់ចិនក្នុងតំបន់ជម្លោះ។ ក្នុងនោះ រដ្ឋាភិបាលវៀតណាម បានកោះឲ្យរដ្ឋាភិបាលចិន បញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់នៅក្នុងតំបន់ ជម្លោះ ដោយចោទថាចិន បានបំពានច្បាប់ និងបំពានដែនអធិបតេយ្យទាំងស្រុង។
សូមរម្លឹកផងដែរ ការប្រឈមមុខចុងក្រោយខ្លាំង ចិន និងវៀតណាម ផ្ទុះឡើងនៅឆ្នាំ២០១៤។ នោះគឺ មានប្រជាជនវៀតណាមជាច្រើន បានផ្ទុះកុបកម្ម និងបានបំផ្លាញទ្រព្យសម្បតិ្តដែលជាកម្មសិទ្ធិរបស់ ចិននៅក្នុងប្រទេសវៀតណាមជាច្រើន ក្រោយពីទាហានល្បាតចិន បានបាញ់ពន្លេចទូកនេសាទរបស់វៀតណាមនៅក្នុងតំបន់ជម្លោះសមុទ្រចិន ខាងត្បូង៕
ប្រភព៖ thmeythmey