Jack Ma កំពូលមហាសេដ្ឋីទី៣របស់ចិន និងជាស្ថាបនិកក្រុមហ៊ុនយក្សរបស់ពិភពលោក Alibaba បានធ្វើការទិញអចលនទ្រព្យយ៉ាងធំនៅសហរដ្ឋអាមេរិក ទុកសម្រាប់ជាកន្លែងលំហែកាយផ្ទាល់ខ្លួន នេះបើយោងតាមគេហទំព័រ Shanghaiist ។
ដីដែលលោកទិញនោះស្ថិតក្នុងបរិវេណឧទ្យាន Brandon Park មានទំហំ១១៤គីឡូម៉ែត្រការ៉េ ។ នៅទីនោះវាស្ថិតនៅជាប់នឹងទន្លេ St. Regis ដែលបង្កជាបរិយាកាសធម្មជាតិយ៉ាងល្អ ហើយនៅមានបឹងបួ អូរតូចៗ និងព្រៃខ្លះៗទៀតផង ។
ដីមួយដុំនេះកាលពីប្រកាសលក់លើកដំបូងក្នុងឆ្នាំ២០១២ វាមានតម្លៃ២៨លានដុល្លារអាមេរិក ប៉ុន្តែក្នុងឆ្នាំ២០១៤ វាធ្លាក់មកនៅត្រឹមតែ២២.៥លានដុល្លារតែប៉ុណ្ណោះ ដោយវាត្រូវបានលោក Jack Ma សម្រេចទិញកាលពីខែឧសភានេះតាមក្រុមហ៊ុនអចលនទ្រព្យមួយ ។
គួរបញ្ជាក់ថា នៅក្នុងតំបន់នេះ សព្វថ្ងៃវាត្រូវបានឈ្មួញកាប់ឈើលក់ជាច្រើន ប៉ុន្តែចំណែកលោក Ma វិញ លោកមិនមានគម្រោងចង់រកប្រាក់ចំណេញពីដីមួយដុំនេះទេ ពោលគឺពេលលោកក្លាយជាម្ចាស់ដីមួយដុំនេះ លោកនឹងបញ្ឈប់ការកាប់ឈើលក់ ហើយត្រលប់ទៅជាអភិរក្សតំបន់នេះវិញ ។
ប្រភព៖ rosemag