សេអ៊ូល៖ រដ្ឋាភិបាលក្រុងសេអ៊ូល បានស្នើរដ្ឋាភិបាលក្រុងប៉េកាំងដើម្បីជជែកតាមរយៈទូរសព្ទ ក្នុងការស្វែងរក ដំណោះស្រាយជុំវិញភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េ។ សំណើនេះ ធ្វើឡើងក្រោយពីកូរ៉េខាងជើង បានប្រកាសពីភាពជោគជ័យរបស់ខ្លួនក្នុងការបាញ់សាកល្បងគ្រាប់បែក អ៊ីដ្រូសែនដែលជាប្រភេទគ្រាប់បែកដ៏មានឥទ្ធិពល។
នៅថ្ងៃទី ០៨ ខែមករានេះ ក្រសួងការបរទេសកូរ៉េខាងត្បូង បានដាក់សំណើទៅក្រសួងការបរទេសចិន ដើម្បីសុំជជែកតាមរយៈទូរសព្ទដោយផ្ទាល់ជាមួយនឹងរដ្ឋមន្ត្រីការបរទេស ចិនលោក វ៉ាង យី (Wang Yi) ក្នុងការស្វែងរកដំណោះស្រាយនៃភាពតានតឹងក្រោយកូរ៉េខាងជើងបាញ់ គ្រាប់បែកអ៊ីដ្រូសែន។ ក៏ប៉ុន្តែ សំណើនោះ ត្រូវបានចិន ពន្យារពេលសិន ដ្បិតមានបញ្ហាមួយចំនួនទាក់ទងកិច្ចការផ្ទៃក្នុងប្រទេស។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី០៦ មករា កន្លងទៅ កូរ៉េខាងជើង បានបាញ់សាកល្បងគ្រាប់បែកអ៊ីដ្រូសែនដោយជោគជ័យ។ គ្រាប់បែកអ៊ីដ្រូសែន គឺជាប្រភេទអាវុធដ៏ទំនើប និងមានឥទ្ធិពលរបស់កូរ៉េខាងជើង ដែលទើបតែរកឃើញ។ កូរ៉េខាងជើង បានចាត់ទុកសមិទ្ធផលនៃការផលិតគ្រាប់បែកនេះថានឹងធ្វើឲ្យខ្លួន ក្លាយជាប្រទេសដ៏មានអំណាចរបស់ពិភពលោកផងដែរ។
ដោយឡែក ការសុំជជែកជាមួយនឹងចិន ដើម្បីស្វែងរកដំណោះស្រាយ ក៏ព្រោះតែចិន គឺជាសម្ព័ន្ធមិត្ត ដ៏ជិតស្និទ្ធកូរ៉េខាងជើង។ ទោះបីជាចិន ហាក់ដូចជាបានឃ្លាតឆ្ងាយពីកូរ៉េខាងជើងបន្តិចក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិន ក៏មិនអាចព្រងើយកន្តើយ និងបោះបង់កូរ៉េខាងជើងបានដែរ។
មួយវិញទៀត សំណើររបស់កូរ៉េខាងត្បូងទៅចិន ក៏មិនមែនទើបតែធ្វើនោះទេ ពោលគឺ កូរ៉េខាងត្បូង តែងតែសុំអន្តរាគមន៍ពីចិនដើម្បីកាត់បន្ថយភាពតានតឹងក្នុងតំបន់ ទោះបីជាកូរ៉េខាងត្បូងមានអាមេរិក នៅតាមជ្រោមជ្រែងក៏ដោយ។
ជាក់ស្តែង ក្នុងកិច្ចព្រមព្រៀងកាលពីខែសីហា ឆ្នាំ២០១៥ រវាងកូរ៉េទាំងពីរ គេមិនអាចប្រកែកបានថា នោះគឺជាចំណែកមួយរបស់ចិន ដែលធ្វើឲ្យភាគីទាំងពីរ អាចសម្រេចកិច្ចព្រមព្រៀងមួយក្នុងការដកទ័ព ក្រោយពីមានការបាញ់គ្រាប់ផ្លោងដាក់គ្នានៅតាមព្រំដែន។ កាលនោះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានសុំឲ្យភាគីកូរ៉េទាំងពីរ ស្រុះស្រួលគ្នាដើម្បីកាត់បន្ថយភាពតានតឹង និងរក្សាសន្តិសុខនៅក្នុងតំបន់ និង ជាពិសេសនោះដើម្បីជៀសវាងការផ្ទុះអាវុធទ្រង់ទ្រាយធំដែលបណ្តាលឲ្យ ខាតបង់ទាំងសងខាង៕
ប្រភព៖ thmeythmey