ថៃ៖ លោកឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan បានអះអាងជាថ្មីម្តងទៀតថា៖ «គម្រោងលំនៅឋាន Pracharat Housing សម្រាប់អ្នករកចំណូលបានកម្រិតទាប នឹងចាប់ផ្តើមនៅដើមឆ្នាំ២០១៦នេះ» ។
លោកបានថ្លែងថា ៖ «មានកញ្ចប់ថវិកាពីក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខពលរដ្ឋ ក្នុងរង្វង់១,៤ប៊ីលានបាតរួចស្រេចហើយ ដែលនឹងត្រូវបានប្រើប្រាស់ក្នុងការផ្តល់មូលនិធិនៃគម្រោងដើម ។ ប៉ុន្តែយើងនៅតែពិចារណាអំពីទីតាំងក្នុងការអភិវឌ្ឍលំនៅឋាន ក៏ដូចជាគម្រោងទាំងនេះនៅឡើយ ។ គម្រោងនេះនឹងត្រូវបានចាប់ផ្តើមដំណើរការពិតប្រាកដក្នុងរយៈពេល២ទៅ ៣ខែក្រោយ ឬមិនឲ្យអូសបន្លាយដល់ខែឧសភាឡើយ» ។
ចំណែកក្រសួង ហិរញ្ញវត្ថុបានពិភាក្សាអំពីវិធានការជាមួយប្រតិបត្តិករឯកជន ចាប់តាំងពីខែតុលា ដែលពាក់ព័ន្ធនឹងតម្លៃផ្ទះមិនឲ្យលើសពី៦០ម៉ឺនបាត (១៦.៥០០ដុល្លារ) សម្រាប់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលសរុបតិចជាង១៥.០០០បាត (៤១៤ដុល្លារ) ក្នុងមួយខែ ។
រដ្ឋាភិបាលនឹងជ្រើសរើសដីក្បែរ សហគមន៍និងបណ្តាញផ្លូវដឹកជញ្ជូនសាធារណៈសម្រាប់គម្រោងលំនៅឋាននេះ ហើយផ្ទះទាំងនោះនឹងជួលក្នុងរយៈពេល៩៩ឆ្នាំ ។
លោក Prawit Wongsuwan ថ្លែងទៀតថា ៖ « ទីតាំងដែលអាចធ្វើទៅបានសម្រាប់គម្រោងដើម គឺស្ថិតនៅក្បែរតំបន់ Klong Lat Phrao ក្នុងសង្កាត់ Din Daeng និង Klong Prem Pracha ដែលនឹងត្រូវបានអភិវឌ្ឍន៍ដោយភាគខ្លះ ដោយអាជ្ញាធរលំនៅឋានជាតិ ខណៈពាក់ព័ន្ធនឹងវិស័យឯកជន និងស្របតាមការស្ម័គ្រចិត្ត និងសមត្ថភាពរបស់ពួកគេ » ។
អ្នកតំណាង មកពីសមាគមខុនដូ សមាគមអចលនទ្រព្យ និងសមាគមពាណិជ្ជកម្មលំនៅឋាន ថៃ បាននិយាយក្នុងកិច្ចប្រជុំសមាជិកថា ពួកគេបានស្ម័គ្រចិត្តក្នុងការសាងសង់លំនៅឋានទាំងនោះ ។ ចំណែកបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួនអាចផ្តល់ដីសម្រាប់គម្រោង នេះទៀតផង ។
ក្រសួងហិរញ្ញវត្ថុកំពុងតែផ្តល់នូវការលើកទឹកចិត្ត ពន្ធមួយចំនួនសម្រាប់ប្រតិបត្តិករឯកជន ដែលស្ម័គ្រចិត្តចូលរួមក្នុងគម្រោងនេះ ខណៈគោលការណ៍នេះត្រូវបានគេរំពឹងថា នឹងងាកទៅរកការមិនស្វែងរកប្រាក់ចំណេញ និងកម្មវិធីនានាស្តីពីទំនួលខុសត្រូវសង្គម និងសាជីវកម្ម ។ ទោះជាយ៉ាងណា ពុំមានព័ត៌មានលម្អិតបន្ថែមពីលើនេះឡើយ ដែលត្រូវបានផ្តល់ឲ្យទាក់ទិននឹងការលើកទឹកចិត្ត ឬការបង្កើតនូវមូលនិធិសហគ្រាសសង្គមដើម្បីជួយផ្តល់ជាមូលនិធិដល់ គម្រោងនេះ ។
ធនាគារដែលគ្រប់គ្រងដោយរដ្ឋ ដែលគេស្គាល់ថា Krungthai Bank ធនាគារ Government Savings Bank និង Government Housing Bank នឹងបោះជំហានចូលក្នុងការជួយដល់អ្នកមានចំណូលទាបដើម្បីទទួលបាន នូវកម្ចីដោយមានរបស់បញ្ចាំបំណុល ៕
ប្រភព៖ kohsantepheapdaily