មន្ត្រីយោធារបស់ប្រទេសវៀតណាមបានប្រកាសថា ដុំដែកដែលធ្លាក់នៅភាគខាងជើងប្រទេសវៀតណាម មិនមែនជាដុំដែកផលិតនៅក្នុងស្រុកទេ ហើយក៏មិនមែនជាបំណែកនៃយានក្រៅភពដែលគេហៅថា UFO។
លោកឧត្ដមសេនីយ៍ Vo Van Tuan អនុប្រធានផ្នែកបុគ្គលិកនៃកងទ័ពប្រជាជនវៀតណាមបានថ្លែងប្រាប់ កាសែតក្នុងស្រុក Tuoi Tre ថា ដុំដែកដ៏អាថ៌កំបាំងនេះ គឺមិនមែនផលិតនៅវៀតណាម ហើយមិនមែនជាបំណែកវត្ថុហោះរបស់ប្រទេសណាមួយឡើយ។
ទោះជាយ៉ាងណា ឧត្ដមសេនីយ៍ខាងលើ អះអាងថា វាជាផលិតផលរបស់មនុស្ស ហើយដុំដែកនេះអាចជាធុងផ្ទុកអុកស៊ីហ្សែន ឬអ៊ីដ្រូហ្សែន ពោលគឺមិនមែនផ្ទុកជាតិផ្ទុះនោះទេ។
គួររម្លឹកថា ដុំដែកទី១ មានទម្ងន់ ៥០គីឡូក្រាមត្រូវបានប្រទះឃើញនៅខេត្ត Tuyen Quang ដែលមានវិមាត្រប្រវែងប្រហែល ២ម៉ែត្រ។ ទីពីរមានទម្ងន់ ៥,៨គីឡូក្រាម មានកាំប្រវែង ៣០សង់ទីម៉ែត្រ ប្រទះឃើញនៅ Yen Bai ពីរបីក្រោយពីរកឃើញដុំទី១ និងទី ៣ មានទម្ងន់ ០,២គីឡូក្រាមបានធ្លាក់ចំផ្ទះអ្នកស្រុកនៅ Yen Bai។ អាជ្ញាធរមានសមត្ថកិច្ចកំពុងរក្សាទុកដើម្បីស៊ើបអង្កេតបន្ថែម៕
ប្រភព៖ bizkhmer