យន្ដហោះទម្លាក់គ្រាប់បែក សម្រាប់រយៈឆ្ងាយធុន «B52 Stratofortress» របស់សហរដ្ឋអាមេរិក បានធ្វើការហោះឆ្វែល នៅថ្ងៃអាទិត្យនេះ ពីលើប្រទេសកូរ៉េខាងត្បូង។
ការហោះហើរ បានធ្វើឡើងបួនថ្ងៃក្រោយ ការបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ របស់ទីក្រុងព្យុងយ៉ាង (ប្រទេសកូរ៉េខាងជើង) បង្កឲ្យភាពតានតឺងកើតឡើងជាថ្មី។ ជាការបង្ហាញកម្លាំងដ៏តូចមួយ ពីសំណាក់កងទ័ពអាមេរិក នៅបួនថ្ងៃក្រោយពីការសាកល្បង គ្រាប់បែកនុយក្លេអ៊ែរ ប្រភេទ «H (ដែលជាអក្សរកាត់ ពីពាក្យ Hydrogène)» ប្រកបដោយមន្ទិលមួយ របស់រដ្ឋាភិបាលកុម្មុយនីស នៃប្រទេសកូរ៉េខាងជើង។
យន្ដហោះប្រដេញ ដែលមានសមត្ថភាពទម្លាក់គ្រាប់បែក ក្នុងចម្ងាយឆ្ងាយពីលើនេះ ក៏អាចមានសមត្ថភាព ក្នុងការផ្ទុកអាវុធនុយក្លេងអ៊ែរ បានដែរ។
កងទព័រអាមេរិក បានពន្យល់ថា យន្ដហោះបានហោះ ក្នុងរយៈពេលខ្លីមួយ ពីលើមូលដ្ឋានកងទ័ពអាកាស «Osan» ដែលមានចំងាយប្រមាណជា ៧០គីឡូម៉ែត្រ ពីភាគខាងត្បូង នៃព្រំដែនរបស់ប្រទេសកូរ៉េទាំងពីរ មុននឹងត្រឡប់មកចុះចត នៅលើមូលដ្ឋានយោធាដដែល។
សម្ភារៈសិកធុនធ្ងន់របៀបនេះ តែងត្រូវបានប្រើប្រាស់ ជាញ៉យដង នៅក្នុងការធ្វើសមយុទ្ធប្រចាំឆ្នាំ រវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង។ ផ្ទុយទៅវិញ ការបញ្ចេញ«មហិទ្ធិរិទ្ធិ»ឲ្យដឹង ជាសាធារណៈរបៀបនេះ កម្រកើតមានឡើងណាស់។ គេនៅចាំបាន ថាការការហោះហើរជាសាធារណៈ របស់យន្ដហោះប្រដេញធុនធ្ងន់ខាងលើ ត្រូវបានធ្វើម្ដងដែរ កាលពីឆ្នាំ២០១៣កន្លងទៅ បន្ទាប់ពីប្រទេសកុម្មុយនីសកូរ៉េខាងជើង បានសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ ជាលើកទីបី។ នាពេលនោះ យោធាអាមេរិកបានដាក់ពង្រាយ យន្ដហោះប្រភេទនេះមួយគ្រឿង និងប្រភេទសំកាំង «B2» មួយគ្រឿងទៀត។
ការហោះហើរជាថ្មី របស់យន្ដហោះ «B52 Stratofortress» បានធ្វើឡើងជាថ្មី នៅបួនថ្ងៃក្រោយ ការអះអាងរបស់ប្រទេសកូរ៉េខាងជើង ដែលបានឲ្យដឹងថា ប្រទេសនេះបានសម្រេចជាស្ថាពរ នូវការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ ប្រភទ«H» កាលពីថ្ងៃពុធ។ បើទោះជាអ្នកជំនាញជាច្រើន មិនបានបង្ហាញការជឿជាក់ ១០០ភាគរយទៅលើសមត្ថភាព (ក្នុងការផលិតគ្រាប់បែកប្រភេទ«H»-Editor's note) របស់ប្រទេសកុម្មុយនីសក៏ដោយ ក៏ការប្រកាសសាកល្បងអាវុធនុយក្លេអ៊ែរ ជាលើកទីបួន របស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងនេះ បានបង្កឲ្យមានប្រតិកម្ម និងការថ្កោលទោសយ៉ាងខ្លាំងក្លា ពីសំណាក់សហគមន៍អន្តរជាតិ។
ប្រទេសធំៗ និងប្រទេសដែលជាប់ពាក់ព័ន្ធជាច្រើន បានកោះហៅមន្ត្រីការទូត របស់ប្រទេសកូរ៉េខាងជើង មកធ្វើការសាកសួរ និងប្រគល់សារប្រឆាំង នឹងការពង្រីកអាវុធនុយក្លេអ៊ែរ ដែលបានរំលោភទាំងស្រុង ទៅលើដំណោះស្រាយនាពេលកន្លងមក របស់អង្គការសហប្រជាជាតិ។ ការកោះប្រជុំជាបន្ទាន់មួយ នៃក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ ត្រូវបានធ្វើភ្លាមៗ ក្រោយការប្រកាសរបស់ក្រុងព្យុងយ៉ាង និងបានសម្រេចថា នឹងស្វែងរកការដាក់ទណ្ឌកម្ម ថ្មីៗបន្ថែមទៀត ទៅលើប្រទេសកុម្មុយនីស ខណៈប្រទេសនេះកំពុងរងទណ្ឌកម្មស្រាប់៕
យន្ដហោះទម្លាក់គ្រាប់បែក ប្រភេទ របស់អាមេរិក និងចំនួនគ្រាប់បែក ដែលអាចត្រូវបំពាក់ជាមួយយន្ដហោះ។ (រូបថត Wikipedia)