ខណៈការបោះឆ្នោតនៅតៃវ៉ាន់ខិតជិតមកដល់ យុទ្ធនាការស្វែងរកប្រជាប្រិយភាពកាន់តែខ្លាំងក្លាផងដែរ ដោយបេក្ខជនបក្សនយោបាយទាំងបី ប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម ទាញសំឡេងគាំទ្រពីក្រុមយុវជន ។ Facebook, Line និង Instagram ក្លាយជាបណ្ដាញសង្គមសំខាន់ដែលអ្នកនយោបាយតៃវ៉ាន់ប្រើប្រាស់ទាញយក ផលប្រយោជន៍រៀងៗខ្លួន ។
នៅតែប៉ុន្មានថ្ងៃទៀតទេ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីតៃវ៉ាន់នឹងមកដល់ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺការប្រើប្រាស់បណ្ដាញសង្គមរបស់ អ្នកនយោបាយ។ បណ្ដាញសង្គមមានទាំង Facebook, Line និង Instagram ក្លាយជាមធ្យោបាយដ៏សំខាន់សម្រាប់បេក្ខជនប្រធានាធិបតីតៃវ៉ាន់ក្នុងការ ទាញប្រជាប្រិយភាពពីម្ចាស់ឆ្នោត ជាពិសេសនោះពី អ្នកបោះឆ្នោតវ័យក្មេងដែលនិយមប្រើប្រាស់អ៊ីនធឺណែតតែម្តង។
ជុំវិញបញ្ហានេះ គេអាចយល់បានថា គោលដៅនៃការប្រើប្រាស់បណ្ដាញសង្គមរបស់បេក្ខជនប្រធានាធិបតីគឺ ស្វែងរកការគាំទ្រពីក្រុមអ្នកបោះឆ្នោតក្មេងៗ។ ក្រុមយុវជនទាំងនោះប្រើប្រព័ន្ធបណ្ដាញសង្គមដែលមាន Facebook និង Line ជាដើម ក្នុងការទទួលបានព័ត៌មាន ដ្បិតពួកគេដូចជាមិនសូវមើលទូរទស្សន៍ដូចមុននោះទេ ។
បើយោងតាមសារព័ត៌មាន Channel News Asia បេក្ខជនមកពីបក្សប្រឆាំងលោកស្រី Tsai Ing-wen ទាញបានប្រជាប្រិយខ្លាំងជាងគេពីការប្រើប្រាស់បណ្ដាញសង្គមក្នុង យុទ្ធនាការស្វែងរកការគាំទ្ររបស់លោកស្រី ។ ជាបេក្ខជននាំមុខគេ លោកស្រីមិនត្រឹមតែមាន Facebook ឬ Line ប៉ុណ្ណោះទេ តែលោកស្រីក៏បានប្រើប្រាស់ YouTube ផងដែរ ។
លោកស្រីធ្លាប់ប្រើបណ្ដាញសង្គមនេះដើម្បីផ្ញើសារនយោបាយស្ដីពី សុវត្ថិភាពចំណីអាហារទៅប្រជាជនតៃវ៉ាន់ ហើយវីដេអូនោះត្រូវបានគេចូលមើលដល់ទៅ៩ម៉ឺននាក់តាំងពីខែតុលា ឆ្នាំ២០១៥មក ។
ក្រៅពីលោកស្រី Tsai Ing-wen បេក្ខជនប្រធានាធិបតីពីររូបផ្សេងទៀតក៏បានប្រើបណ្ដាញសង្គមដើម្បី ប្រមែរប្រមូលសំឡេងគាំទ្រដែរ ។ បេក្ខជនមកពីបក្សកាន់អំណាច គូមីងតាំង លោក Eric Chu បានប្រើទំព័រ Facebook ដើម្បីប្រាស្រ័យទាក់ទងជាមួយក្រុមអ្នកគាំទ្រ។ ហើយគេសង្កេតឃើញថា លោកបានប្រើប្រាស់សារនយោបាយ ភ្ជាប់រូបត្លុកតំណាងឲ្យគោលនយោបាយរបស់លោកផងដែរ។
ចំណែកឯលោក James Soong បេក្ខជនប្រធានាធិបតីម្នាក់ទៀតក៏មិនបានទុកចោលការប្រើប្រាស់បណ្ដាញ សង្គមរបស់ខ្លួនដែរ។ ភាគច្រើនលោកបានប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម Facebook ក្នុងយុទ្ធនាការបោះឆ្នោតរបស់លោកដែរ៕
ប្រភព ៖ thmeythmey