នៅសល់តែរយៈពេល២ថ្ងៃទៀតទេ តៃវ៉ាន់ នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនិងសភាថ្មីរបស់ខ្លួនហើយ ។ ការបោះឆ្នោត នេះអាចថាជាការកំណត់លើជោគវាសនាដែនកោះ និងជាការជ្រើសរើសដែលត្រូវពិចារណាឲ្យបានដិតដល់ ។ ប្រជាជនតៃវ៉ាន់នឹងជ្រើសរើសរវាងនយោបាយរក្សាទំនាក់ទំនងជាមួយចិនរបស់ បក្សគួរមីងតាំង (KMT) ឬក៏នយោបាយផ្ដាច់ខ្លួនងាករកការប្រកាសឯករាជ្យរបស់បក្សប្រឆាំង។
ជោគវាសនារបស់ប្រជាជនតៃវ៉ាន់ជាង២៣លាននាក់ នឹងត្រូវកំណត់ដោយការបោះឆ្នោតនៅថ្ងៃទី១៦ ខែមករា ខាងមុខនេះ ខណៈបេក្ខជនប្រធានាធិបតីមកពីគណបក្សនយោបាយនានាកំពុងតែញាប់ដៃញាប់ជើង រៀបចំយុទ្ធនាការរកសំឡេងឆ្នោតរបស់ខ្លួន ។ ពួកគេបានបញ្ចេញសារនយោបាយជាច្រើនជាពិសេសទំនាក់ទំនងជាមួយចិនតែម្ដង ។
គណបក្សសំខាន់ចំនួនពីរដែលជាគូប្រជែងស្រួចស្រាវ គឺបក្សគួរមីងតាំងនិងបក្សប្រជាធិបតេយ្យជឿនលឿន។ បក្សទាំងពីរ បានបង្ហាញគោលនយោបាយផ្ទុយគ្នាលើទំនាក់ទំនងជាមួយនឹងចិន។ គណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ត្រូវបានគេមើលឃើញថា មានជំហររឹងត្អឹងក្នុងទំនាក់ទំនងជាមួយមហាយក្សចិន។ កន្លងមក បក្សនេះគំរាមថា អនាគតរបស់តៃវ៉ាន់គឺស្ថិតក្នុងកណ្តាប់ដៃប្រជាជនតៃវ៉ាន់ ២៣លាននាក់ ដែលរឿងនេះត្រូវបានចិនចាត់ទុកថាជាការប៉ុនប៉ងប្រកាសឯករាជ្យ។
ប្រសិនបើបក្សប្រឆាំង ឈ្នះឆ្នោតប្រធានាធិបតីឬសភានោះ ទំនាក់ទំនងរវាងចិននិងតៃវ៉ាន់ពិតជាកាន់តែរកាំរកូសមិនខាន ហើយការប្រឈមមុខគ្នាផ្នែកយោធាអាចនឹងកើតឡើងជាក់មិនខាន។ ដូចឃើញស្រាប់ហើយ កាំជ្រួចរាប់រយដើមរបស់ចិនប៉េកាំងត្រូវបានដាក់ពង្រាយតម្រង់មកគំរាម តៃវ៉ាន់ ។
ផ្ទុយពីគណបក្សប្រជាធិបតេយ្យជឿនលឿន បក្សគូរមីងតាំងតែងមានជំហរទន់ភ្លន់ជាមួយចិន ដែលនេះជាមូលហេតុនាំឲ្យបក្សនេះ អាចធ្លាក់ប្រជាប្រិយភាព ។ តាំងពីបក្សនេះកាន់អំណាចនៅតៃវ៉ាន់មក ទំនាក់ទំនងចិន និងតៃវ៉ាន់មានភាពល្អប្រសើរ ជាពិសេសលើវិស័យសេដ្ឋកិច្ច ដ្បិតតៃវ៉ាន់ពឹងផ្អែកខ្លាំងលើទីផ្សារចិន។ លើសពីនេះ ជំនួបជាប្រវត្តិសាស្ត្ររវាងលោក Ma Ying-jeou និងប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅឆ្នាំ២០១៥ កាន់តែបង្ហាញយ៉ាងច្បាស់ពីគោលនយោបាយរបស់គណបក្សគូរមីងតាំងចំពោះ ចិន ។
ប៉ុន្តែប្រជាជនតៃវ៉ាន់ដូចជាមិនពេញចិត្តនឹងភាពជិតស្និទ្ធនេះ ទេ ពីព្រោះពួកគេគិតថា ចិនបញ្ចូលឥទ្ធិពលរបស់ខ្លួនតាមរយៈសកម្មភាពពាណិជ្ជកម្មប្រទេស ទាំងពីរ ។ ជាក់ស្ដែងនោះ កាលពីខែមិនា ឆ្នាំ២០១៥ និស្សិតតៃវ៉ាន់រាប់ពាន់នាក់បានសម្រុកចូលសភា ដើម្បីតវ៉ាប្រឆាំង រដ្ឋាភិបាលដែលយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន ដោយមិនពិភាក្សាឲ្យបានល្អិតល្អន់ជាមុន ។
ជារួមបញ្ហាឯករាជ្យជារឿងដ៏សំខាន់សម្រាប់ប្រជាជនតៃវ៉ាន់ទាំងមូល តែទំនាក់ទំនងជាមួយចិនក៏មិនអាចទុកចោលបានដែរ ។ មួយវិញទៀត វាមិនទាន់ដល់សម្រាប់តៃវ៉ាន់ ប្រកាសឯករាជ្យនោះទេ ព្រោះចិនមិនអាចសម្ងំស្ងៀមឡើយ។ ហើយចិនបានគំរាមរួចហើយថា បើតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ នោះខ្លួននឹងលើកទ័ពវាយទៅវាយដល់កោះហើយក្រសោបយកប៉េកាំងមិនខាន ។ នៅពេលនេះ តៃវ៉ាន់គួរតែផ្ដោតលើសេដ្ឋកិច្ចជាមុនសិន ពោលគឺខំពង្រឹងខ្លួនឲ្យរឹងមាំមុនពេលសម្រេចថាប្រកាសឯករាជ្យឬអត់ ៕
ប្រភព៖ thmeythmey