រដ្ឋាភិបាលក្រុងហាណូយ កំពុងចរចាសុំទិញយន្តហោះយោធាពីក្រុមហ៊ុនអាមេរិក និងអឺរ៉ុបដើម្បីពង្រឹងវិស័យការពារជាតិរបស់ខ្លួន ទុកទប់ទល់មហាអំណាចចិន។ ការងារកទៅរកទីផ្សារអាវុធលោកខាងលិចនេះ គឺដោយសារវៀតណាមមានផែនការពង្រឹងយុទ្ធសាស្ត្រការពារជាតិ និងបន្ថយការពឹងពាក់លើសព្វាវុធរបស់រុស្ស៊ី។
វៀតណាមកំពុងបន្តចរចាទិញយន្តហោះយោធាពីប្រទេសលោកខាងលិច ដើម្បីពង្រឹងវិស័យការពារជាតិរបស់ខ្លួន។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters វៀតណាមចង់ទិញយន្តហោះចម្បាំង យន្តហោះល្បាត និងយន្តហោះគ្មានអ្នកបើក ហើយវៀតណាមកំពុងស្ថិតក្នុងការជជែកពិភាក្សាជាមួយក្រុមហ៊ុនអាវុធ អាមេរិកនិងអឺរ៉ុបផង។
តាមពិតទៅ តាំងពីយូរយារមកហើយ រុស្ស៊ីជាសម្ព័ន្ធមិត្តនិងជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំរបស់ក្រុង ហាណូយ ប៉ុន្តែវៀតណាមឥឡូវស្រាប់តែព្យាយាមបន្ថយការពឹងពាក់លើបច្ចេកវិទ្យា យោធានិងសព្វាវុធរបស់ក្រុងម៉ូស្គូ។ វៀតណាមបាននាំចូលយន្តហោះចម្បាំងពីរុស្ស៊ីប្រភេទ Sukhoi Su-22i ជាច្រើនគ្រឿង រួមជាមួយរថក្រោះ រថពាសដែក និងនាវាមុជទឹកមួយចំនួនផង។ ប៉ុន្តែវៀតណាមបច្ចុប្បន្នចាំបាច់ត្រូវពង្រឹងកងទ័ពជើងទឹក និងជើងអាកាសដើម្បីទប់ទល់ជាមួយមហាយក្សចិន ដែលកំពុងប្រណាំងប្រជែងដណ្តើមដែនទឹកសមុទ្រចិនខាងត្បូង។ វៀតណាមមិនត្រូវការតែយន្តហោះប្រដេញទេ តែក៏ត្រូវមានយន្តហោះឈ្លបយកការណ៍ និងយន្តហោះល្បាតជាដើមផង។
យន្តហោះដែលស្ថិតក្នុងក្រសែរភ្នែកនិងទាក់ចិត្តវៀតណាមគឺ យន្តហោះចម្បាំង JAS-39E/F , Eurofighter Typhoon, F-16, និង Boeing F/A-18E/F Super Hornet ជាដើម។ ហើយក្រៅពីក្រុមហ៊ុនអាមេរិកនិងអឺរ៉ុប ក្រុងហាណូយ ក៏ចាប់អារម្មណ៍ យន្តហោះចម្បាំងផលិតដោយកូរ៉េខាងត្បូងដែរ។ សូម្បីតែហ្វីលីពីនក៏បញ្ជាទិញយន្តហោះប្រភេទនេះពីកូរ៉េខាងត្បូងដែរ ។ ក្រៅពីចរចាសុំទិញយន្តហោះពីក្រៅ វៀតណាមក៏ព្យាយាមផលិតយន្តហោះគ្មានអ្នកបើឈ្លបយកកាណ៍ដោយខ្លួនឯង ដែរ។ យន្តហោះមួយចំនួននឹងត្រូវដាក់ឲ្យហោះសាកល្បងនៅក្នុងឆ្នាំ ២០១៦នេះ។
វៀតណាមទំនងជាពិបាកនាំចូលយន្តហោះចម្បាំងពីសហរដ្ឋអាមេរិក។ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃឺរី ទៅកាន់ប្រទេសវៀតណាម និងទស្សនកិច្ចរបស់លេខាធិការបក្សកុម្មុយនីស្ត ង្វៀង ភូទ្រុងទៅសេតវិមានកាលពីឆ្នាំមុន បញ្ជាក់ថាចំណងការទូតនិងទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរកាន់តែ ល្អប្រសើរមែន តែទណ្ឌកម្មប្រឆាំងវៀតណាមមិនទាន់ត្រូវអាមេរិកដកអស់ទេ ហើយប្រវត្តិសាស្ត្រជូរចត់សម័យសង្គ្រាមក៏ពិបាកភ្លេចដែរសម្រាប់ វៀតណាម។ ដូច្នេះការសម្រេចជោគជ័យក្នុងការចរចាទិញយន្តហោះចម្បាំងពីប្រទេស អឺរ៉ុបទំនងមានសង្ឃឹមច្រើនជាង៕
ប្រភព៖ thmeythmey