អតីតនាយករដ្ឋមន្ត្រីថៃលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានបង្ហាញខ្លួនជាលើកដំបូងក្នុងសវនការរបស់តុលាការថៃ ក្នុងសំណុំរឿងពុករលួយក្នុងស្ថាប័នស្រូវក្រោមការគ្រប់គ្រង របស់លោកស្រី ។ ក្រុមអ្នកគាំទ្រលោកស្រី យីងឡាក់ បានចាត់ទុកការកាត់ក្ដីនេះជារឿងនយោបាយ និងបានទាមទារឲ្យទម្លាក់បទចោទនេះវិញ។
នៅថ្ងៃទី១៥ ខែមករា ម្សិលមិញ តុលាការថៃ បានដំណើរការសំណុំរឿងពុករលួយក្នុងស្ថាប័នស្រូវរបស់លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត្រា ដោយមានវត្តមានរបស់លោកស្រី ចូលរួមជាលើកដំបូង។ សវនការនេះ ត្រូវបានពន្យារពេលជាច្រើនដងមកហើយ ដ្បិត លោកស្រី យីងឡាក់ បានទាមទារពេលដើម្បីដាក់ភស្តុតាងបន្ថែមដើម្បីការពារការចោទប្រកាន់ ទៅលើលោកស្រីពីបទពុករលួយនោះ។
សូមរម្លឹកផងដែរថា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានបាត់បង់តំណែងនាយករដ្ឋមន្ត្រីដោយរដ្ឋប្រហារយោធាដែលស្ថិតក្រោម ការដឹកនាំរបស់លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ។ ក្រោយធា្លក់ពីតំណែងលោកស្រី ត្រូវបានសភា ថៃ សម្រេចមិនឲ្យប្រលូកក្នុងកិច្ចការនយោបាយរយៈពេល៥ឆ្នាំ។ ហើយបន្ទាប់ មកទៀត លោកស្រី ក៏ត្រូវបានតុលាការថៃចោទប្រកាន់ក្នុងសំណុំរឿងពុករលួយ និងការធ្វេស ប្រហែសធ្វើឲ្យបាត់បង់ចំណូលជាតិក្នុងស្ថាប័នស្រូវដែលលោកស្រី ធ្លាប់បានគ្រប់គ្រងក្នុងអាណត្តិជានាយករដ្ឋមន្ត្រី។ បទចោទនេះ ធ្វើឲ្យលោកស្រីយីងឡាក់ ត្រូវប្រឈមនឹងបទល្មើសព្រហ្មទណ្ឌ ដែលអាចជាប់ទោសយ៉ាងតិច១០ឆ្នាំ និងសំណងរដ្ឋប្បវេណីជាច្រើនលានបាតទៀត ។
ការហាមឃាត់មិនឲ្យប្រឡូកនយោបាយ និងការប្រឈមមុខផ្នែកច្បាប់របស់លោកស្រី យីងឡាក់ គឺកើតឡើងក្រោយពេលមានរឿងអាស្រូវពុករលួយពាក់ព័ន្ធការទិញស្រូវក្នុង តម្លៃថោកពីកសិករថៃ ។ រឿងនេះធ្វើឲ្យរដ្ឋាភិបាលថៃខាតបង់ប្រាក់ច្រើន ប៉ុន្តែលោកស្រី យីងឡាក់ អះអាងថា គម្រោងនេះគឺជួយកសិករថៃដើម្បីងើបពីភាពក្រីក្រ ដែលកន្លងមកតែងទទួលការកេងប្រវ័ញ្ចពីក្រុមអ្នកមានមកពីទីក្រុងបាងកក ។
ក្នុងក្រសែភ្នែកអ្នកវិភាគ ការកាត់ក្ដីសំណុំរឿងពុករលួយនេះ គ្រាន់តែជាការលុបបំបាត់ប្រជាប្រិយភាពរបស់ក្រុមលោកស្រី យីងឡាក់តែប៉ុណ្ណោះ ។ ក្រុមអាវក្រហមដែលជាគាំទ្រលោកស្រីបានរិះគន់ថា នេះគ្រាន់តែជារឿងនយោបាយដើម្បីពង្រឹងឥទ្ធិពលយោធា។
គួរបញ្ជាក់ផងដែរថា ដំណើរការក្ដីលើកនេះ គ្រោងនឹងបន្តដល់ចុងឆ្នាំ២០១៦ ។ ក្នុងរយៈពេលនេះ លោកស្រីនឹងមិនអាចចាកចេញពីប្រទេសបានទេ ហើយរដ្ឋាភិបាលយោធាថៃបានបញ្ជាឲ្យលោកស្រី ត្រូវបង្ហាញខ្លួនរាល់ពេលនៃការដំណើការសវនការរបស់តុលាការ៕
ប្រភព៖ thmeythmey