ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ទើបនឹងដាក់សម្ពោធធនាគារអភិវឌ្ឍន៍អន្តរជាតិថ្មីមួយដែល ត្រូវបានគេមើលឃើញថា ជាគូប្រជែងដ៏ខ្លាំងក្លាមួយរបស់ធនាគារពិភពលោកដែលដឹកនាំដោយ សហរដ្ឋអាមេរិក។ ធនាគារថ្មីនេះ នឹងអាចក្លាយជាចំណែកមួយក្នុងការផ្លាស់ប្ដូរ និងធ្វើឱ្យអំណាចពិភពលោកមានតុល្យភាព។
ទោះបីជាមើលឃើញថា ធនាគារនេះហាក់កំពុងបន្ថយអំណាចសហរដ្ឋអាមេរិកក្ដី ប៉ុន្តែសម្ព័ន្ធមិត្តអាមេរិកដូចជាអូស្ត្រាលី អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី ហ្វីលីពីន និងកូរ៉េខាងត្បូងជាដើមបានព្រមព្រៀងចូលជាសមាជិកធនាគារ បន្ទាប់ពីឥទ្ធិពលចិនកាន់តែរីកសាយភាយឡើងៗ។
លោកស៊ីបានថ្លែងថា តម្រូវការហិរញ្ញប្បទានសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន គឺមានទំហំធំធេងនៅទ្វីបអាស៊ីយើងនេះ។ ធនាគារនេះមានគោលដៅវិនិយោគនៅក្នុងគម្រោងដែលមានគុណភាពខ្ពស់ និងចំណាយទាប។
ក្នុងការប្រកាសបើកកាលពីថ្ងៃសៅរ៍កន្លងទៅ លោក លី ឃឺជាំង បានមានប្រសាសន៍ថា ទ្វីបអាស៊ីបន្តធ្វើជាតំបន់ប្រកបដោយថាមភាពបំផុតដែលជំរុញ កំណើនសេដ្ឋកិច្ចសកលតាមរយៈការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់គ្នា។
តាមផែនការ ធនាគារនេះនឹងផ្ដល់កម្ចីពី ១០ ទៅ ១៥ពាន់លានដុល្លារក្នុងមួយឆ្នាំក្នុងរយៈពេល ៥ឬ៦ឆ្នាំដំបូង។ ធនាគារនេះនឹងចាប់ផ្ដើមប្រតិបត្តិការនៅត្រីមាសទី២ឆ្នាំ២០១៦ នេះ៕
ប្រភព៖ Channel News Asia