មេបក្សប្រឆាំងដ៏ធំរបស់ មីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី បានរិះគន់យុវជនមីយ៉ាន់ម៉ាដែលមិនអានសៀវភៅឲ្យបានច្រើន តែបែរជាចំណាយពេលអត់ប្រយោជន៍លើហ្គេមកុំព្យូទ័រនិងបណ្ដាញសង្គមទៅវិញ ។ លោកស្រីសរសេរដូច្នេះក្នុងលិខិតមួយឆ្លើយតបទៅកាន់អ្នករៀបចំកម្មវិធី អក្ខរកម្មមួយ ។
អ្នកនយោបាយជើងចាស់មីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី បានបង្ហាញការមិនពេញចិត្តរបស់លោកស្រីចំពោះយុវជនក្មេងៗដែលមិនសូវ យកចិត្តទុកដាក់លើការអានសៀវភៅនោះទេ ។ តែពួកគេចូលចិត្តចំណាយពេលលើប្រព័ន្ធអនឡាញទៅវិញ ។ លោកស្រីបានសរសេរក្នុងលិខិតថា៖«ក្មេងៗសព្វថ្ងៃខ្ជះខ្ជាយពេលលេង ហ្គេមកុំព្យូទ័រ អ៊ីនធឺណែត និងបណ្ដាញសង្គម។ ពួកគេអានសៀវភៅបានតិចណាស់ ព្រោះការប្រើប្រាស់បច្ចេកវិទ្យាមានការកើនឡើង »។
កាលពីប៉ុន្មានឆ្នាំមុន ការប្រើប្រាស់ទូរសព្ទរបស់ប្រជាជនមីយ៉ាន់ម៉ានៅមានកម្រិតនៅឡើយ ពីព្រោះទូរសព្ទមានតម្លៃថ្លៃណាស់ ។ ប៉ុន្តែចាប់តាំងពីការកែទម្រង់ក្នុងឆ្នាំ២០១១មក ការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែតនិងចំនួនទូរសព្ទនៅមីយ៉ាន់ម៉ា មានការកើនឡើងយ៉ាងខ្លាំង ជាពិសេសក្នុងចំណោមយុវជន ។ គឺក្រុមយុវជននេះហើយ ដែលជាកត្តាជំរុញឲ្យគណបក្សលោកស្រី ស៊ូជី ឈ្នះឆ្នោតភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០១៥ ។
ក្រៅពីនោះ មេបក្សប្រឆាំងរូបនេះក៏បានរិះគន់ដល់ស្ដង់ដាអប់រំរបស់មីយ៉ាន់ម៉ា ផងដែរ ។ លោកស្រី ស៊ូជី បញ្ជាក់ថា ការសិក្សាមានទំនោរលើការទន្ទេញមេរៀនច្រើនជាងការគិត។ លោកស្រីថា ៖«នៅតាមសាលារៀន មិនមានបណ្ណាល័យច្រើនទេ ហើយសិស្សមិនមានពេលច្រើនដើម្បីអានក្នុងថ្នាក់នោះទេ» ។
ក្នុងរយៈពេលកាន់អំណាចរបស់ខ្លួន ក្រុមយោធាមិនសូវយកចិត្តទុកដាក់លើវិស័យអប់រំនិងសុខាភិបាលនោះទេ ដោយពួកគេផ្ដោតតែលើវិស័យយោធាប៉ុណ្ណោះ ។ ក្នុងមួយឆ្នាំៗ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានចំណាយថវិកាជាតិយ៉ាងច្រើនលើវិស័យកងទ័ព ខណៈវិស័យអប់រំនិងសុខាភិបាលទទួលបានតែបន្តិចបន្តួចប៉ុណ្ណោះ ។
យ៉ាងណាក្ដី នៅពេលដែលរដ្ឋាភិបាលរបស់គណបក្សលោកស្រីចូលកាន់តំណែង គេសង្ឃឹមខ្ពស់ថា វិស័យអប់រំនិងសុខាភិបាលនឹងត្រូវបានកែលំអឲ្យប្រសើរជាងមុន។ នេះក៏ដោយសារ មេដឹកនាំបក្សប្រឆាំងក៏ធ្លាប់ជាសាស្ត្រាចារ្យផងដែរ មុនពេលចូលប្រលូកក្នុងនយោបាយ ៕
ព្រភព៖ thmeythmey