ការិយាល័យ ជាតិផ្នែកស្ថិតិ ទើបបានចេញផ្សាយ ជាផ្លូវការ នៅថ្ងៃអង្គារទី ២០មករានេះ បញ្ជាក់ថា កំណើនសេដ្ឋកិច្ចចិនប្រចាំឆ្នាំ ២០១៥ មានត្រឹមតែ៦,៩% ប៉ុណ្ណោះ។ មិនត្រឹមតែជាអត្រាដ៏ទាប បើប្រៀបទៅនឹងឆ្នាំ ២០១៤ (៧,៣%) ទេ តែនេះជាលើកទីមួយ ក្នុងប្រវត្តិសេដ្ឋកិច្ច២៥ឆ្នាំចុងក្រោយ ដែលចិនបានស្គាល់កំណើនសេដ្ឋកិច្ចទាបយ៉ាងដូច្នេះ។
សូម្បី តែក្នុងសម័យពិភពលោកមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរកាលពីឆ្នាំ ២០០៨ ក៏ចិនពេលនោះមានកំណើនសេដ្ឋកិច្ចលើ៧%ដែរ។ ៦,៩% ជាតួលេខដ៏គួរឱ្យខកចិត្ត ប៉ុន្តែមិនមែនជាភ្ញាក់ផ្អើលទេ ពោះតាំងពីជាច្រើនខែមកហើយ ដែលសញ្ញាសេដ្ឋកិច្ចចិន ប្រែពណ៌ក្រហមនោះ។
នៅពេញមួយឆ្នាំ២០១៥នេះ សកម្មភាពសិប្បកម្មបានស្គាល់ភាពក្រញាញ់ រោងចក្រឧស្សាហកម្មជាច្រើនធ្លាក់ក្នុងវិបត្តិមានសមត្ថភាពច្រើន /ខ្លាំងជ្រុល តម្លៃអចលនទ្រព្យធ្លាក់ថ្លៃ ដែលជាហេតុធ្វើឱ្យមានការព្រួយបារម្ភ ខ្លាចប៉េងប៉ោងតម្លៃចលនាទ្រព្យ ត្រូវបែកធ្លាយ ពាណិជ្ជកម្មនាំចេញក៏បានដាំក្បាលចុះ ការទិញវត្ថុធាតុដើមក៏ត្រូវរួមថយ ... និយាយជារួម រាល់សកម្មភាពសេដ្ឋកិច្ចឧស្សាហកម្មដែលធ្លាប់ជាទន្ទល់ ជាសរសរទ្រូង នៃកំណើនសេដ្ឋកិច្ច ធ្លាប់នាំចិនឱ្យបានក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកលេខពីរ ត្រូវរួញតូចទាំងអស់។
ជាមួយកំណើន៦,៩% ចិន នៅតែមានសេដ្ឋកិច្ចខ្លាំងជាងគេ នៅលើពិភពលោក ប៉ុន្តែសកម្មភាពលក់រាយ ដែលជាកត្តាដ៏សំខាន់កំណត់អំពីលទ្ធភាពចាយវាយរបស់ពលរដ្ឋ នៅតែថមថយដដែលកាលពីខែមុន។
សម្រាប់ឆ្នាំ២០១៦ កំណើនសេដ្ឋកិច្ចអាចនឹងបន្តធ្លាក់ចុះទៀត ដោយរដ្ឋាភិបាលចិនបានព្យាករថានឹងមានលើសពី ៦,៥%ទេ។
ឥទ្ធិពលលើទីផ្សារពិភពលោក
ពេលនេះចិនមានសុខភាពមិនសូវល្អ គ្រាន់តែកណ្តាស់មួយឆែត គឺវាគ្រប់គ្រាន់នឹងធ្វើឱ្យបណ្តាប្រទេសតូចតាចធ្លាប់រំពឹងចិន កើតជំងឺផ្តាសាយបាន។ អ្នកដែលរងគ្រោះខ្លាំងជាងគេ គឺបណ្តាប្រទេសតំបន់អាស៊ី ដែលរំពឹងខ្លាំងលើការនាំចេញទៅចិន។ តំបន់អឺរ៉ូ ហាក់ដូចជាមិនប៉ះពាល់ដោយផ្ទាល់នឹងកំណើនសេដ្ឋកិច្ចបន្ថយល្បឿន របស់ចិនទេ ប៉ុន្តែវាអាចនឹងធ្វើឱ្យសេដ្ឋកិច្ចដ៏ផុយស្រួយ និងទើបរើបបន្តិចបន្តួចរបស់អឺរ៉ុប ពិបាកនឹងមានកំណើន ហើយកំណើនសេដ្ឋកិច្ចពិភពលោកដ៏ស្តួចស្តើងអាចនឹងត្រូវគាំង។
គឺទីផ្សារពិភពលោកដែលនឹងត្រូវរងឥទ្ធិពលខ្លាំងពីកំណើន សេដ្ឋកិច្ចចិនបន្ថយល្បឿននេះ។ ដូចសោភ័ណ ដឹងនិងឃើញស្រាប់ ហើយតាំងពីដើមឆ្នាំមក ទីផ្សារមូលប័ត្រ បានដាំដូង ក្រឡាប់ចាក់ទីងរហូតដល់បិទទ្វារជាស្វ័យប្រវត្តិម្តងជាពីរដង ព្រោះតែភាពសង្ស័យបានមកសណ្ឋិត ក្នុងអារម្មណ៍ពួកគេ។ រដ្ឋហាមប្រាមមិនឱ្យលក់ទិញភាគហ៊ុន ដែលមានចំណែកចាប់ពី៥%ទៅ រដ្ឋចេញមុខទិញភាគហ៊ុនធំៗ បញ្ចុះតម្លៃប្រាក់យ័ន ម្តងហើយម្តងទៀត ជាហេតុធ្វើឱ្យមានការច្រួលច្របល់ ខ្លាំង ខ្លាចរាលដាលដល់ពិភពលោកផង។ រដ្ឋចេញមុខទប់ទីផ្សារភាគហ៊ុន ប៉ុន្តែសួរថាតើចិនអាចឈរទប់បានយូរពេលណា ?!
បន្ទាប់មកគឺបញ្ហានយោបាយរូបិយបណ្ណ អឺរ៉ុបនិងអាមេរិក ព្រួយខ្លាចអាជ្ញាធរចិន ស្វែងរកការបញ្ចុះតម្លៃប្រាក់យ័ន ដើម្បីផ្តល់សន្ទុះដល់កំណើនសេដ្ឋកិច្ចផ្ទៃក្នុង។ រដ្ឋាភិបាលជាអ្នកកំណត់តម្លៃលុយយ័នជារៀងរាល់ព្រឹក តែនៅតែមិនធ្លាក់ថ្លៃដូចការចង់បានទៀត។ ការធ្វើបែបនេះអស់ប្រាក់ច្រើនណាស់ ! ចិនដែលមានប្រាក់បំរុងច្រើនជាងគេនៅលើពិភពលោក កំពុងស្គាល់ការខាតបង់អស់ ៥១២ពាន់លានដុល្លារ បើទោះបីជាមានសល់ផលពាណិជ្ជកម្មដល់ទៅ ៥៦០ពាន់លានដុល្លារក៏ដោយ។
គំរូសេដ្ឋកិច្ចថ្មី បែប “ធម្មតា”
នេះជាពេលវេលាដ៏លំបាកដែលរដ្ឋាភិបាលចិនត្រូវជំនះឱ្យបាន ឬអាចនិយាយបែបផ្សេង បើពាក្យរបស់ការិយាល័យស្ថិតិចិន ដល់វេលាដែលចិនត្រូវធ្វើកំណែទម្រង់ស៊ីជម្រៅ នៅពេលប្រកាសអំពីតួលេខកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំនោះ។
ប៉ុន្តែសម្រាប់ប៉េកាំងនេះជាការធម្មតា ដែលចិនត្រូវស្គាល់កំណើនសេដ្ឋកិច្ចទាបនោះ ! នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាំង បានធានាអះអាងទៅកាន់ដៃគូទាំងអស់ មិនបានប្រើវិធីបញ្ចុះប្រាក់យ័នដើម្បីផ្តល់សន្ទុះដល់ការនាំចេញ ទេ ហើយចិនមានមធ្យោបាយគ្រប់គ្រាន់ក្នុងការធានាស្ថិរភាពប្រាក់យ័ន។ មិនតែប៉ុណ្ណោះ លោកនាយករដ្ឋមន្ត្រីបានបង្ហាញអំពីសេណារីយោ ប្រកបដោយសុទិដ្ឋនិយមថា ចិនកំពុងឈានដល់ដំណាក់កាលថ្មី មានគំរូសេដ្ឋកិច្ច បែប "ធម្មតា” មានកំណើនសេដ្ឋកិច្ចទាប តែយូរអង្វែងខ្លាំង។ ពេលនេះចិនកំពុងបំផ្លែងខ្លួន កំពុងប្រឹងប្រែងរកលំនឹងឱ្យគំរូសេដ្ឋកិច្ចថ្មី អាចអភិវឌ្ឍប្រទេសដោយរំពឹងលើការចាយវាយក្នុងស្រុក លើទំនើបកម្ម និងសេវាកម្ម។ ចិនមិនចង់ធ្វើខ្លួនត្រឹម ជារោងចក្របំរើពិភពលោកដែលផលិតច្រើនជ្រុល ឬត្រូវផ្អែកលើការវិនិយោគដែលពឹងលើបំណុលនិងការនាំចេញទេ។
ដូច្នេះ កំណើនសេដ្ឋកិច្ចបន្ថយល្បឿននៅពេលនេះ ជាដំណើរការសេដ្ឋកិច្ចធម្មតា។ ជាក់ស្តែង វិស័យសេវាកម្ម ដែលមានទំហំ៥០,៥% នៃផលិតផលសរុបក្នុងស្រុក តំណាងឱ្យជាងពាក់កណ្តាលនៃសេដ្ឋកិច្ចជាតិ សម្រាប់ឆ្នាំដំបូងនេះ។ បើតាមភ្នាក់ងារសារព័ត៌មានចិនថ្មី។ គុណប្រយោជន៍នៃនយោបាយផ្តល់លំនឹងសេដ្ឋកិច្ច ទំនងជាត្រូវការពេលបន្តិចហើយ៕
ព្រភព៖ km.rfi.fr