តុលាការ ព្រហ្មទណ្ឌថៃ បានកាត់ទោសបុរសម្នាក់ឲ្យជាប់ពន្ធនាគារ រយៈពេល ៦ឆ្នាំ បន្ទាប់ពីសរសេរសារ ឬ comment តាមបណ្ដាញសង្គម Facebook ដែលគេចាត់ទុកថាជាការប្រមាថរាជវង្សថៃ។ ប៉ុន្តែក្រុមអង្គការសិទ្ធិមនុស្សបានហៅថាជាការកាត់ទោស ធ្ងន់ធ្ងរបំផុត សម្រាប់បទល្មើសបែបនេះ។
បទល្មើសឧក្រិដ្ឋនេះ ត្រូវគេគិតថាជាការបរិហារកេរ្តិ៍ ប្រមាថ ឬគំរាម ចំពោះស្ដេច ម្ចាស់ក្សត្រី ដែលកំពុងគ្រងរាជ្យបល្ល័ង្ក ដែលធ្វើឲ្យរដ្ឋាភិបាលយោធា ត្រូវចាត់ការតាមផ្លូវច្បាប់នូវទោសធ្ងន់ធ្ងរ។
ជនល្មើសមានឈ្មោះ Piya Julkittipan អាយុ ៤៦ឆ្នាំ ត្រូវបានចាប់ឃុំខ្លួនតាំងពីខែធ្នូឆ្នាំ ២០១៤ គឺ ៨ខែ បន្ទាប់ពីយោធាឡើងកាន់អំណាច។ តុលាការទើបសម្រេចទោសនៅថ្ងៃពុធម្សិលមិញ ពីបទប្រមាថស្ដេច និងធ្វើសកម្មភាពឧក្រិដ្ឋកម្មតាមកុំព្យូទ័រ ដោយបានបង្ហោះរូបថត ២សន្លឹកជាមួយសារប្រមាថ នៅលើ Facebook ចំពោះស្ដេច ភូមិបុល អាឌុលយ៉ាដេត ព្រះជន្ម ៨៨វស្សា។
ក្រុមសិទ្ធិមនុស្សថៃ បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា តុលាការព្រហ្មទណ្ឌ បានកាត់ទោសលោក Piya ដំបូងឲ្យជាប់គុក៩ឆ្នាំ ដែលជាការកាត់ទោសធ្ងន់បំផុត មិនធ្លាប់មាន ចំពោះប្រជាជនសាមញ្ញ តែត្រូវបន្ធូរបន្ថយទោសនៅត្រឹម ៦ឆ្នាំ ព្រោះគាត់បានផ្តល់ព័ត៌មានសំខាន់ៗ អំឡុងពេលសវនាការ។
ព្រះចៅ ភូមិបុល បានគ្រងរាជ្យសម្បត្តិយូរជាគេបំផុតក្នុងលោក និងតែងតែទទួលសម្រាកព្យាបាលនៅមន្ទីរពេទ្យជាមួយជំងឺច្រើនមុខ៕
ប្រភព៖ Reuter , sabay