សល់មិនដល់ពីសបា្តហ៍ទៀត នោះទេ សភានៃនីតិកាលថ្មីមីយ៉ាន់ម៉ា នឹងត្រូវចាប់ផ្តើមដំណើរការជាលើក ដំបូង បន្ទាប់ពីការបោះឆ្នោតថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥។ ទាំងប្រធានសភា តំណាងរាស្ត្រជាប់ឆ្នោត ដែលភាគច្រើនចេញពីបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យលោកស្រីអ៊ុង សានស៊ូជី និងតំណាងរាស្ត្រតែងតាំងចេញពីយោធា បានរៀបចំ និងត្រៀមលក្ខណៈទុករួចជាស្រេចហើយ។
បើមិនមានការប្រែប្រួលនោះទេ នៅថ្ងៃទី០១ ខែកុម្ភៈ ខាងមុខនេះសភាមីយ៉ាន់ម៉ាដែលគ្របដណ្តប់ ដោយបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ នឹងត្រូវដំណើរការហើយ។ ជាលើកដំបូងក្នុងការដឹកនាំ សភាទាំងពីរជាន់ បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រីអ៊ុងសាន ស៊ូជី បានផ្តល់ដំណែង ជាន់ខ្ពស់មួយចំនួនទៅកាន់អតីតបក្សកាន់អំណាច និងបក្សជនជាតិភាគតិចផងដែរ។
អ្នកនាំពាក្យបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ Nyan Win បានថ្លែងប្រាប់ភា្នក់ងារព័ត៌មាន AFP ថា បក្សឈ្នះឆ្នោត បានតែងតាំងអ្នកតំណាងរាស្ត្រចេញពីបក្សពីររូបដែលមានលោក Win Myint ជាប្រធានរដ្ឋសភា និងលោក Win Khain Than ជាប្រធានព្រឹទ្ធសភា។ ជាមួយគ្នានេះដែរ បក្សឈ្នះឆ្នោត ក៏បានតែងតាំងតំណាងរាស្ត្រជនជាតិភាគតិចពីររូបជាអនុប្រធានសភាទាំងពីរ ជាន់ផងដែរ។ នោះគឺតំណាងរាស្ត្រជនជាតិអារ៉ាខាន (Akaran) ដែលចេញពីបក្សជាតិអារ៉ាខាន (ANP) ជាអនុប្រធានរដ្ឋសភា និងតំណាងរាស្ត្រជនជាតិកាឆិន ដែលចេញបក្សសហភាពរួបរួម និងអភិវឌ្ឍន៍(USDP) របស់ប្រធានាធិបតីជិតផុតអាណត្តិ លោក ថេន សេន ជាអនុប្រធានរដ្ឋព្រឹទ្ធសភា។
បើទោះបីជារដ្ឋាភិបាលថ្មី មិនទាន់ចេញជារូបរាងក៏ដោយ ប្រធានបក្សឈ្នះឆ្នោតសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យលោកស្រី អ៊ុងសាន ស៊ូជី ក៏ធ្លាប់បានសន្យាថា ក្រោយពេលបក្សលោកស្រីឈ្នះឆ្នោតក្បាលម៉ាស៊ីនរដ្ឋាភិបាលថ្មី ក៏នឹងត្រូវដាក់បញ្ចូលសមាសភាពបក្សនយោបាយផ្សេងទៀត និងតំណាងជនជាតិ ភាគតិចនៅក្នុងដែរ។
គោលនយោបាយនៃការដាក់បញ្ចូលសមាជិកបក្សនយោបាយក្រៅពីបក្សខ្លួន និងតំណាងជនជាតិភាគតិចក្នុងតំណែងកំពូលរបស់រដ្ឋាភិបាលថ្មី គឺជាជំហ៊ានវិជ្ជមានមួយនៃការកសាងលទ្ធិប្រជាធិបតេយ្យ ដែលធា្លប់តែចាក់ឬសដោយមេដឹកនាំយោធាជាច្រើនទសវត្សរ៍ហើយនោះ។ ហើយនេះក៏ជាគោលនយោបាយមួយក្នុងការលើកកម្ពស់ការផ្សះផ្សាជាតិ ក្នុងការផ្លាស់ប្តូរមេដឹកនាំយោធា មកកាន់មេដឹកនាំស៊ីវិលវិញម្តង។
ជុំវិញដំណើរការនេះដែរ គេមិនអាចប្រកែកបានថា វាក៏ជាចំណែកមួយនៃការប្រើប្រាស់វប្បធម៌សន្ទនាក្នុងការចរចារបស់លោក ស្រី អ៊ុងសាន ស៊ូជី ដែលលោកស្រី បានប្រឹងប្រែងតាំងពី បានដឹងថាបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ បានឈ្នះឆ្នោតភា្លម។ ក្រោយលទ្ធផលបឋមនៃការបោះឆ្នោត ត្រូវបានប្រកាសថាបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យបាននាំមុខ ក្នុងការបោះឆ្នោត លោកស្រី ស៊ូជី បានជួប សន្ទនា និងចរចាជាមួយនឹងគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានដឹកនាំក្នុងអាណត្តិ លោកថេន សេន ដើម្បីជជែកពីការផ្ទេរតំណែងដោយសន្តិវិធី។
មួយវិញទៀតនោះ នេះ ក៏ជាចំណែកមួយនៃភាពចាស់ទុំរបស់អ្នកនយោបាយ និងមេដឹកនាំកំពូលៗមីយ៉ាន់ម៉ា ក្នុងការចេះទទួលស្គាល់នៃការចង់បានរបស់ប្រជាពលរដ្ឋដែលបានស្តែង ចេញពីការបោះឆ្នោតបែបលទ្ធិប្រជាធិបតេយ្យដែលប្រព្រឹត្តឡើងជាលើកដំបូង ក្នុងប្រវត្តិមីយ៉ាន់ម៉ាកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នា២០១៥៕
ប្រភព៖ thmeythmey