ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុ ទៅដល់ប្រទេសហ្វីលីពីនកាលពីថ្ងៃទី២៦ ខែមករា ដើម្បីពង្រឹងទំនាក់ទំនងប្រទេសដែលជាគូសត្រួវនឹងគ្នា ក្នុងអំឡុងសង្គ្រាមលោកលើកទី២ និងទៅគោរពជនរងគ្រោះសម័យសង្គ្រាម។ ហើយក្នុងដំណើរទស្សនកិច្ចលើកនេះ ស្ត្រីបម្រើផ្លូវភេទហ្វីលីពីនដែលត្រូវចាប់បង្ខំដោយទាហានជប៉ុន កាលពីអតីត ក៏ប៉ុនប៉ងជួបអធិរាជជប៉ុនដើម្បីស្វែងរកការដោះស្រាយលើបញ្ហានេះ ផងដែរ។
អធិរាជជប៉ុន អាគីហ៊ីតុ និងអធិរាជនី មីឈីកុ បានចាប់ផ្ដើមទស្សនកិច្ចរយៈពេលប្រាំថ្ងៃ ដើម្បីរឹតចំណងមិត្តភាពទី៦០ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ ខណៈប្រទេសអតីតគូសត្រូវទាំងពីរត្រូវបានគេមើលឃើញថា ជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធនាពេលបច្ចុប្បន្ន។ ប្រមុខរដ្ឋជប៉ុននឹងទៅកាន់គោរពជនរងគ្រោះសម័យសង្គ្រាមលោកលើកទីពីរ ពីព្រោះហ្វីលីពីនជាអតីតសមរភូមិក្ដៅកាលពីពេលនោះ។
ជាមួយគ្នានោះ អធិរាជជប៉ុននឹងទៅកាន់វិមានឯករាជ្យហ្វីលីពីននិងទៅគោរពជនជាតិជប៉ុន ដែលបាត់បង់ជីវិតក្នុងពេលប្រយុទ្ធសម័យសង្គ្រាមលើទឹកដីហ្វីលីពីន ផងដែរ។
ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺបញ្ហាស្ត្រីបម្រើផ្លូវភេទហ្វីលីពីនដែលត្រូវចាប់បង្ខំក្នុងពេល ជប៉ុនកាន់កាប់ហ្វីលីពីន។ ក្រុមស្ត្រីទាំងនោះបានទាមទារឲ្យជប៉ុនសុំទោសជាផ្លូវការ និងផ្ដល់ជាសំណងដល់ពួកគេទៀតផង។ ពួកគេបានរិះគន់ជប៉ុនដែលរើសអើងដល់ជនរងគ្រោះដែលជាស្ត្រីបម្រើផ្លួវភេទ ដ្បិតជប៉ុនបានផ្ដល់សំណងចំពោះស្ត្រីកូរ៉េខាងត្បូង តែមិនបានគិតគូរដល់ជនរងគ្រោះមកពីប្រទេសដទៃទេ។
កាលពីចុងឆ្នាំ២០១៥ ជប៉ុន និងកូរ៉េខាងត្បូងសម្រេចបានកិច្ចព្រមព្រៀងជាផ្លូវការ និងជាប្រវត្តិសាស្ត្រដើម្បីដោះស្រាយបញ្ហាស្ត្រីទាករកូរ៉េខាងត្បូង ដែលត្រូវទាហានជប៉ុនធ្វើបាបសម័យសង្គ្រាមលោកលើកទី២ ។ ជប៉ុនព្រមបង់សំណងជំងឺចិត្ត ៨.៧លានដុល្លារអាមេរិក ដល់ជនរងគ្រោះកូរ៉េខាងត្បូងនិងទទួលស្គាល់ថាវាជាការទទួលខុសត្រូវរបស់ខ្លួន។
ក្រុមស្ត្រីទាំងនោះចង់ជួបជាមួយព្រះចៅអធិរាជជប៉ុន ដើម្បីរៀបរាប់ពីការលំបាករបស់ពួកគេ។ អស់ពេលជាច្រើនឆ្នាំមកហើយ ពួកគេតែងតវ៉ាដើម្បីរកយុត្តិធម៌ចំពោះការឈឺចាប់កាលពីអតីតកាល តែពួកគេមិនទទួលបានសំណងអ្វីទាំងអស់។ ទើបតែពេលនេះ ក្នុងពេលទស្សនកិច្ចរបស់អធិរាជជប៉ុន វាអាចជាឱកាសល្អសម្រាប់ក្រុមស្ត្រីចំណាស់ទាំងនោះ បង្ហាញពីការចង់បានរបស់ពួកគេ។
ចំណែកឯលោក Emmi de Jesus សមាជិកម្នាក់នៃសភាហ្វីលីពីន ក៏បានបញ្ជាក់ដែរថា ទស្សនកិច្ចរបស់អធិរាជជប៉ុន នឹងកាន់តែមានន័យប្រសិនបើមានការជួបជាមួយក្រុមស្ត្រីទាសករផ្លូវភេទទាំងនោះ។ លោកប្រាប់ Al Jazeera ថា ព្រះចៅអធិរាជអាចមានឥទ្ធិពលលើលោកនាយករដ្ឋមន្ត្រី អាបេ ហើយអាចឈានដល់ការស្វែងរកដំណោះស្រាយណាមួយសម្រាប់ជនរងគ្រោះដែល ត្រូវបានចាប់បង្ខំទាំងនោះទៀតផង៕
ប្រភព៖ thmeythmey