តាមការស្រាវជ្រាវមួយបង្ហាញថា ជំងឺមហារីកបានសម្លាប់មនុស្សដល់ទៅ២.៨លាននាក់នៅក្នុងប្រទេសចិន កាលពីឆ្នាំ២០១៥ ដែលនេះមានន័យថា មនុស្ស៧៥០០នាក់បានស្លាប់ដោយសារជំងឺនេះ។ ជំងឺរ៉ាំរ៉ៃ ការជក់បារី និងការបំពុលបរិយាកាសគឺជាមូលហេតុសំខាន់ដែលនាំដល់កើនឡើងច្រើន បែបនេះ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Bangkok Post។
ក្នុងរបាយការណ៍ដែលចេញដោយមជ្ឈមណ្ឌលជំងឺមហារីកចិន មនុស្សដល់ទៅ២.៨លាននាក់បានបាត់បង់ជីវិតដោយសារជំងឺមហារីក ខណៈមនុស្ស៤.៣លាននាក់កើតជំងឺនេះកាលពីឆ្នាំមុន។ នេះបញ្ជាក់ថា មហារីកជាបញ្ហាសុខភាពសាធារណៈធ្ងន់ធ្ងរនៅចិន។ ភាគច្រើនអ្នកស្លាប់ បណ្ដាលមកពីជំងឺមហារីកសួត ដែលបណ្តាលមកពីការជក់បារីនិងការបំពុលបរិយាកាសធ្ងន់ធ្ងរ។
របាយការណ៍ដដែលនោះបង្ហាញថា ការកើនឡើងករណីថ្មីដល់ទៅជាងបួនលាននាក់ក្នុងឆ្នាំ២០១៥ នេះមានន័យថា មនុស្សជាង១ម៉ឺននាក់កើតជំងឺនេះក្នុងមួយថ្ងៃ និងមានមនុស្សស្លាប់៧៥០០នាក់ក្នុងមួយថ្ងៃដែរ។ មួយវិញទៀត បុរសចិនតែងកើតជំងឺមហារីកក្នុងក្រពះ ថ្លើម សួតជាដើម ខណៈការកើតមហារីកសុដន់ គឺជាករណីទូទៅសម្រាប់ស្ត្រីចិន។
ចំណែកអត្រាអ្នកស្លាប់វិញ បុរសស្លាប់ដោយជំងឺសាហាវនេះមានចំនួនច្រើនជាងស្ត្រី គឺបុរសមានអត្រា១១៦នាក់ក្នុងចំណោមមួយម៉ឺនករណី ខណៈស្ត្រីមានតែពាក់កណ្ដាលនៃចំនួននេះប៉ុណ្ណោះ។
សូមបញ្ជាក់ដែរថា ពេលកន្លងមក ការតាមដានជំងឺមហារីកគឺជារឿងមួយពិបាកបំផុត ពីព្រោះគេគ្មានបច្ចេកវិទ្យាគ្រប់គ្រាន់សម្រាប់តាមដាន ហើយការស្រាវជ្រាវទៀតសោតគឺធ្វើមិនបានទូលំទូលាយដូចបច្ចុប្បន្នទេ។ លើសពីនេះទៅទៀត ការប្រើប្រាស់ទិន្នន័យចាស់ៗធ្វើឲ្យការស្រាវជ្រាវក៏ធ្វើឲ្យមានការ លំបាកដែរ៕
ប្រភព៖ thmeythmey