ទីក្រុងសេអ៊ូល ព្រមានទីក្រុងព្យុងយ៉ាងនៅថ្ងៃពុធនេះថា ក្រុងព្យុងយ៉ាងនឹងទទួលផលលំបាកកាន់តែធ្ងន់ធ្ងន់បន្ថែមទៀតពីសហគមន៍អន្តរជាតិ ប្រសិនបើតេស្ដសាកល្បងមីស៊ីលចម្ងាយឆ្ងាយ ពិតប្រាកដមែន។
ក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង បានបើកកិច្ចប្រជុំនៅព្រឹកថ្ងៃពុធ ដើម្បីពិភាក្សាគម្រោងតេស្តបាញ់មីស៊ីលរបស់កូរ៉េខាងជើង ដែលចូលរួមដោយមន្ត្រីសន្តិសុខជាន់ខ្ពស់ជាច្រើនរូប រួមទាំងប្រធានក្រុមប្រឹក្សាលោក Kim Kwan-Jin ។
ព័ត៌មាននៃការបាញ់នេះត្រូវបានគេដឹងឮ បន្ទាប់ពីកូរ៉េខាងជើងបានជូនដំណឹងដល់អង្គការអន្តរជាតិនានារួមទាំងអង្គការដែនសមុទ្រអន្តរជាតិ នៅថ្ងៃអង្គារម្សិលមិញថា ខ្លួននឹងបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលជាផ្កាយរណប។ នេះបើតាមអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិលោក Cho Tae-yong។ ការប្រកាសគម្រោងខាងលើ ធ្វើឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កំពុងពិភាក្សាទណ្ឌកម្មបន្ថែម សម្រាប់ការតេស្ដលើកទី ៤នេះ ដែលគេចាត់ទុកថាជាការផ្គើននឹងសហគមន៍អន្តរជាតិ។
លោក Cho មានប្រសាសន៍ថា ការប្រើប្រាស់បច្ចេកវិទ្យាបាញ់មីស៊ីលឆ្លងទ្វីបណាមួយ គឺជាបំពានយ៉ាងច្បាស់នៃដំណោះស្រាយរបស់ក្រុមប្រឹក្សាសហប្រជាជាតិ ដែលធ្លាប់អំពាវនាវឲ្យក្រុងព្យុងយ៉ាងបោះបង់កម្មវិធីនុយក្លេអ៊ែរនោះ។ ប្រសិនបើកូរ៉េខាងជើងបាញ់តាមការគ្រោង វានឹងធ្វើឲ្យមានការគំរាមកំហែងកាន់តែខ្លាំងចំពោះសន្តិភាព និងសន្តិសុខមិនត្រឹមតែឧបទ្វីបកូរ៉េទេ ថែមទាំងពិភពលោកទាំងមូលផង។
ចំណែករដ្ឋាភិបាលកូរ៉េខាងត្បូងវិញ នឹងត្រៀមរក្សាការពារ ប្រឆាំងនឹងការបង្កហេតុរបស់កូរ៉េខាងជើងរួចហើយដែរ។ អង្គការដែនសមុទ្រអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងឡុងដុង និយាយថាកូរ៉េខាងជើងបានជូនដំណឹងដល់ខ្លួនថា នឹងសាកល្បងមីស៊ីលនៅចន្លោះថ្ងៃទី ៨និង ២៥កុម្ភៈ ខាងមុខ នាវេលាម៉ោង ៧ព្រឹក និងពេលរសៀល ម៉ោងនៅកូរ៉េខាងជើង៕
ប្រភពៈsabay