បាងកក៖ ក្រុមសមត្ថកិច្ចបានហ៊ុមព័ទ្ធផ្ទះមួយដែលស្ថិតភាគខាងត្បូងនៃ ប្រទេសថៃ បន្ទាប់ពីបុរសជាម្ចាស់ផ្ទះនេះបានបាញ់សម្លាប់កូនខ្លួនឯង ៤ នាក់ ក្រោយពីបានឈ្លោះគ្នាជាមួយប្រពន្ធរហូតចែកផ្លូវគ្នា។
ករណីឃាតកម្មនេះគឺជាករណីថ្មីបំផុតនៅក្នុងប្រទេសថៃ ដែលទំនាស់រវាងគូស្នេហ៍ ជារឿយៗ បានក្លាយទៅជាការបាញ់បោះរហូតមានគ្រោះថ្នាក់ដល់ជីវិត ភាគច្រើនដោយសារតែភាពងាយស្រួលក្នុងការរកទិញកាំភ្លើង។
ក្រុមសមត្ថកិច្ចបានឲ្យដឹងថា បុរសជាជនដៃដល់រូបនេះ បានលាក់ខ្លួននៅក្នុងបន្ទប់មួយនៃផ្ទះដែលស្ថិតនៅខេត្តត្រាំង នៅភាគខាងត្បូងប្រទេសថៃ បន្ទាប់ពីបានសម្លាប់កូនស្រីពីរនាក់ និងកូនប្រុសពីរនាក់របស់ខ្លួន កាលពីព្រឹកថ្ងៃម្សិលមិញ។
លោក Wittawat Paliboon ស្នងការប៉ូលិសក្នុងតំបន់ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា៖ «ក្រុមសមត្ថកិច្ចត្រូវប្រើជណ្តើរឡើងទៅលើផ្ទះ ហើយផ្លោះចូលតាមបន្ទប់គេង ដើម្បីចូលទៅយកសាកសពក្មេងៗរងគ្រោះទាំងនោះ។ នៅក្នុងផ្ទះមានសាកសពក្មេងប្រុសពីរនាក់ និងក្មេងស្រីពីរនាក់ មានអាយុពី ៦ ទៅ ១៤ឆ្នាំ ហើយពួកគេត្រូវបានបាញ់សម្លាប់ដោយចេតនាតែម្តង»។
លោកស្នងការបានបញ្ជាក់ថា បុរសម្នាក់នោះដែលកំពុងតែលាក់ខ្លួនក្នុងបន្ទប់មួយទៀតនៃផ្ទះ បានមានទំនាក់ទំនងល្អក់កករជាមួយនឹងប្រពន្ធរបស់គេជាយូរមកហើយ រហូតនាងបានសុំរូបគេចែកផ្លូវគ្នា។
លោកក៏បានបន្ថែមដែរថា ជនដៃដល់មានស្មារតីនឹងនរនៅពេលកំពុងចរចាជាមួយនិដងសមត្ថកិច្ច ហើយនេះបង្ហាញឲ្យឃើញថា រូបគេពុំមានស្ថិតនៅក្រោមឥទ្ធិពលនៃថ្នាំញៀន ឬ គ្រឿងស្រវឹងនោះឡើយ។
យោងទៅតាមគេហទំព័រ Gunpolicy.com បង្កើតឡើងដោយមហាវិទ្យាល័យសុខភាពសាធារណៈនៃសាកលវិទ្យាល័យ Sydney ដែលជាគេហទំព័រផ្ទុកនូវ ស្ថិតិស្តីពីការប្រើប្រាស់អាវុធជាតិផ្ទុះជាសាកលបានឲ្យដឹងថា ថៃ ស្ថិតនៅក្នុងបណ្តាប្រទេសដែលមានករណីមនុស្សឃាតដោយកាំភ្លើង ច្រើនជាងគេបំផុតនៅក្នុងពិភពលោក។ មនុស្សចំនួន ៣.៤៨ នាក់នៅក្នុងចំណោមមនុស្សមួយសែននាក់ក្នុងប្រទេសថៃត្រូវបានបាញ់ សម្លាប់ ដែលស្ថិតិនេះដូចគ្នាទៅនឹង សហរដ្ឋអាមេរិកផងដែរ។
ផ្អែកតាមទិន្នន័យដែលទទួលបានពីក្រសួងមហាផ្ទៃ ប្រជាជន ថៃប្រមាណ ៦.១ លាននាក់ ក្នុងចំណោមប្រជាជនសរុប ៦៧ លាននាក់ បានចុះឈ្មោះសុំសិទ្ធិកាន់កាប់កាំភ្លើង៕