តុលាការស្រុក Yuexiu ខេត្ត Guangzhou ប្រទេសចិនបានប្រកាសឈប់ឲ្យក្រុមហ៊ុនស្រោមអនាម័យ Okamoto របស់ជប៉ុន ឈប់ផ្សាយពាណិជ្ជកម្មថា ស្រោមអនាម័យរបស់ខ្លួនស្ដើងជាងគេបំផុត ហើយត្រូវលុបចោលរាល់ការផ្សាយបែបនេះ នៅលើប្រអប់ស្រោមអនាម័យរបស់ខ្លួន ព្រោះពេល Okamoto មិនមែនជាស្រោមអនាម័យស្ដើងជាងគេបំផុតទៀតទេ ។
យោងតាមសារព័ត៌មាន The Wall Street Journal ស្រោមអនាម័យ Aoni របស់ចិន ផលិតដោយក្រុមហ៊ុន Daming ដែលមានប្រវត្តិតាំងពីឆ្នាំ១៩៩២មកនោះ បានដាក់ពាក្យប្ដឹងក្រុមហ៊ុន Okamoto ជុំវិញករណីនេះ កាលពីខែកញ្ញា ឆ្នាំ២០១៤ ព្រោះថានៅខែធ្នូ ឆ្នាំ២០១៣ ក្រុមកត់ត្រាឯកត្តកម្មពិភពលោក (Guinness World Records) បានប្រកាសថា Aoni ជាស្រោមអនាម័យស្ដើងជាងគេ ដោយវាមានកម្រាស់តែ០.០៣៦មិល្លីម៉ែត្រប៉ុណ្ណោះ ខណៈដែល Okamoto មានកម្រាស់ដល់ទៅ០.០៣៨មិល្លីម៉ែត្រ ។
ការកាត់ក្ដីធ្វើឡើងដោយតម្រូវឲ្យក្រុមហ៊ុន Okamoto សងជំងឺចិត្តដល់ក្រុមហ៊ុន Daming ក្នុងទំហំទឹកប្រាក់១យ័ន ដែលស្នើឡើងដោយក្រុមហ៊ុន Daming ផ្ទាល់តែម្ដង ហើយតម្រូវឲ្យក្រុមហ៊ុន Okamoto ឈប់ផ្សាយពាណិជ្ជកម្មថា ស្រោមអនាម័យរបស់ខ្លួនស្ដើងជាងគេបំផុត ហើយត្រូវលុបចោលរាល់ការផ្សាយបែបនេះ នៅលើប្រអប់ស្រោមអនាម័យរបស់ខ្លួន ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Okamoto ក៏មិនបានតវ៉ា ឬជំទាស់នឹងការសម្រេចក្ដីនេះដែរ ដោយលោកបានថ្លែងថា “យើងទទួលយកការសម្រេចចិត្តមួយនេះ ហើយពួកយើងក៏គ្មានគម្រោងចង់ប្ដឹងបន្តទៅវិញដែរ” ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏កំពុងអនុវត្តតាមសាលក្រមរបស់តុលាការដែរ នោះគឺឈប់ផ្សាយស្រោមអនាម័យ Okamoto ថាជាស្រោមស្ដើងជាងគេបំផុតក្នុងលោក ៕