ទីបំផុតស្ដេចប្រដាល់ហ្វីលីពីន ម៉ានី ប៉ាក់ គីអាវ(Manny Pacquiao)ដែលគ្រងខ្សែក្រវាត់ជើងឯកពិភពលោក៧ស្ថាប័នបានបញ្ចប់អាជីព ជាអ្នកប្រដាល់របស់ខ្លួនយ៉ាងល្បីរន្ទឺ ក្រោយពីបានយកឈ្នះពិន្ទុជាឯកច្ឆ័ន្ទ១១៦-១១០ លើអ្នកប្រដាល់ល្បីឈ្មោះជនជាតិអាមេរិក ធីម៉ូធី ប្រែតលី(Timothy Bradley) ដែលគ្រងខ្សែក្រវាត់ជើងឯកពិភពលោក៥ស្ថាប័ន ដណ្ដើមបានខ្សែក្រវាត់ជើងឯកពិភពលោកទម្ងន់មធ្យមរបស់អង្គការប្រដាល់ ពិភពលោក WBO ។ ការប្រកួតរបស់កីឡាករទាំង២ធ្វើឡើងនៅសង្វៀនMGM Grand Garden Arena ក្នុងទីក្រុងLas Veagas រដ្ឋ Nevada សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃអាទិត្យទី១០ មេសា ម៉ោងនៅកម្ពុជា ។
ទីភ្នាក់ងារព័ត៌មានបរទេសកាលពីថ្ងៃទី១០ មេសា ផ្សាយថា កំពូលអ្នកប្រដាល់ជនជាតិហ្វីលីពីនម៉ានី ប៉ាក់គីអាវ បានឡើងសង្វៀនជាលើកចុងក្រោយជួបកីឡាករអាមេរិកធីម៉ូធី ប្រែតលី ខណៈពេលមុននេះពួកគេទាំង២ធ្លាប់ជួបគ្នាចំនួន២លើកដោយមានលទ្ធផល ឈ្នះ-ចាញ់គ្នាម្នាក់មួយលើក។ ការប្រកួតលើកនេះ គឺជាលើកចុងក្រោយក្នុងអាជីពជាអ្នកប្រដាល់របស់ប៉ាក់គីអាវ។ ការប្រកួតទាំង១២ទឹកស្ថិតក្នុងសភាពស្វិតស្វាញយ៉ាងខ្លាំង ដោយសារទាំងប៉ាក់គីអាវ និងប្រែតលី គឺសុទ្ធតែចង់ឈ្នះរៀងខ្លួន។ ជាលទ្ធផលប៉ាក់គីអាវត្រូវបានចៅក្រមទាំង៣រូបកាត់ក្ដីឱ្យឈ្នះ ពិន្ទុជាឯកច្ឆ័ន្ទ១១៦ទល់នឹង១១០លើប្រែតលីដណ្ដើមបានខ្សែក្រវាត់ ជើងឯកពិភពលោកទម្ងន់មធ្យមរបស់ស្ថាប័នWBO។ ការប្រកួតលើកនេះ ជាផ្នែកមួយនៃការលាឈប់ពីអាជីពប្រដាល់របស់ម៉ានី ប៉ាក់គីអាវ ដែលមានប្រវត្តិប្រកួតបាន៦៦លើក ឈ្នះ៥៨លើក ចាញ់៦លើក និងស្មើ២លើក ។ ចំណែកធីម៉ូធី ប្រែតលី ធ្លាប់ប្រកួតបាន៣៦លើក ឈ្នះ៣៣លើក ចាញ់២លើក និងស្មើ១លើក ៕