នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធចាន់អូចា បានសម្តែងការគាំទ្ររបស់លោកចំពោះក្រុមអាជ្ញាធរ ដែលបានចាប់ឃុំខ្លួនមនុស្សចំនួន១០នាក់ពីបទធ្វើសកម្មភាពបង្កហេតុ នយោបាយតាមប្រព័ន្ធអនឡាញ។
លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងដូចនេះ បន្ទាប់ពីរបបនេះ បានចាប់ខ្លួនមនុស្សមួយក្រុមនៅទីក្រុងបាងកកនិងខេត្តខនខែនភាគឦសាន នៃប្រទេសថៃពីបទរំលោភបំពានលើច្បាប់ឧក្រិដ្ឋកម្មកុំព្យូរទ័រ ដោយសារតែការរិះគន់របស់ពួកគេលើរបបនេះ និង នាយករដ្ឋមន្ត្រីរូបនេះ។
កាលពីថ្ងៃពុធ មនុស្សចំនួន១៦នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួនដោយក្រុមអាជ្ញាធរពីកន្លែងវិមានជ័យជម្នះជាទីដែល ពួកគេបានរៀបចំការតវ៉ាប្រឆាំងការឃុំខ្លួនមនុស្សទាំង១០នាក់នេះ។
ដោយឆ្លើយតបទៅនឹងការចាប់ឃុំខ្លួនមនុស្សទាំងនេះ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថា “ពួកគេបានប្រព្រឹត្តអំពើខុសឆ្គងដែរឬទេ? បើសិនមានមែន ពួកគេទាំងអស់ត្រូវចាប់ខ្លួន”។
ដោយឆ្លើយតបទៅនឹងការព្រួយបារម្ភដែលថា ប្រទេសនេះនឹងត្រូវបានគាបសង្កត់ដោយសហគមន៍អន្តរជាតិអំពីការរំលោភ សិទ្ធិមនុស្ស ដោយសារតែមានការចាប់ខ្លួនមនុស្សច្រើននាក់នោះ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថា “គេមិនត្រូវយកបញ្ហាសិទ្ធិមនុស្សមកលាយឡំជាមួយការអនុវត្តន៍ច្បាប់ នោះទេ។ បើសិនអ្នកមិនរំលោភច្បាប់នោះ វានឹងមិនមានរឿងអ្វីកើតឡើងចំពោះអ្នកនោះទេ”។
កាលថ្ងៃពុធ គណៈកម្មាការបោះឆ្នោតថៃបានប្តឹងចោទប្រកាន់ប្រឆាំងអ្នកលេងហ្វេសប៊ុ កមួយក្រុមពីបទបង្ហោះសារមតិយោបល់ដែលខុសឆ្គង ដោយប្រើប្រាស់ពាក្យសម្តីអាក្រក់ស្តាប់នៅលើអនឡាញ ដោយបានរិះគន់សេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញដែលគាំទ្រដោយពួកយោធាថៃ ។ នេះជាករណីដំបូងហើយនៅក្រោមច្បាប់ ដែលហាមឃាត់ការធ្វើយុទ្ធនាការឬការនិយាយប្រឆាំងរដ្ឋធម្មនុញ្ញ៕