បុរសហុងកុងម្នាក់ត្រូវបានពណ៌នាថាជា "មនុស្សថោកទាបបំផុតលើផែនដី" និងចាត់ទុកបទឧក្រិដ្ឋរបស់ជននេះថា "ជ្រុលហួសហេតុ និងគួរឱ្យស្អប់ខ្ពើម" បន្ទាប់ពីព័ត៌មានលម្អិតអំពីការបៀតបៀនផ្លូវភេទលើកូនស្រីរបស់គាត់ ត្រូវបានលាតត្រដាងនៅក្នុងតុលាការជាន់ខ្ពស់របស់ហុងកុង។ បុរសអត់ការងារធ្វើវ័យ ៦២ ឆ្នាំ ដែលឈ្មោះរបស់គាត់ពុំត្រូវបានលាតត្រដាងដើម្បីការពារអត្តសញ្ញាណ ជនរងគ្រោះ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២១ ឆ្នាំកាលពីថ្ងៃទី ៤ ខែឧសភា។ មុននេះគាត់ត្រូវបានផ្តន្ទាទោសពីបទចោទប្រកាន់ចំនួន ១០ ក្នុងនោះ ៦ ករណីជាបទរំលោភ និងបួនករណីទៀតពីបទផលិតរូបភាពអាសអាភាសកុមារ។ បើទោះបីជាបដិសេធប្រព្រឹត្តខុស ក៏បុរសនេះនៅតែប្រឈមមុខជាប់គុក។
ចៅក្រមតុលាការកំពូល លោកស្រី ម៉ាជី ពូនម៉ាន់ខាយ (Maggie Poon Man-kay) ដែលចេញសេចក្តីសម្រេចកាត់ទោស បានថ្កោលទោសខ្លាំងក្លាចំពោះបុរសរូបនេះ និងបាននិយាយថា លោកស្រីចាត់ទុកបទល្មើសជាជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរមួយ។ លោកស្រីបន្ថែមថា "ក្មេងស្រីនិយាយថា នាងត្រូវបានរំលោភជាង ១០០ ដង"។
ការបៀតបៀនផ្លូវភេទលើកទីមួយបានកើតឡើងក្នុងឆ្នាំ២០១១ នៅពេលជនរងគ្រោះមានអាយុ ៥ ឆ្នាំ និងបានបន្តរហូតដល់ឆ្នាំ ២០១៤។ ក្មេងស្រីរូបនោះបានរម្លឹកថា ឪពុកនាងបានបៀតបៀននាងរាល់ថ្ងៃខណៈមើលដំណឹងពេលល្ងាចប្រហែលមួយម៉ោង ។ គាត់នឹងមិនឱ្យបាននាងញ៉ាំបាយទេប្រសិនបើនាងបដិសេធគាត់៕