ស្តេចថៃ Bhumibol Adulyadej ជន្មាយុ៨៨ឆ្នាំ មានសុខភាពទ្រុឌទ្រោម បានចូលសម្រាកក្នុងមន្ទីរពេទ្យកាលពីថ្ងៃសៅរ៍ម្សិលមិញ ដោយសារមានបញ្ហាចម្បងគឺ ហើមសួត និង ហើមជង្គង់ បន្ទាប់ពីព្រះអង្គជាសះស្បើយពីជំងឺគ្រុនផ្តាសាយ។
ស្តេចថៃ Bhumibol គឺជាស្តេចដែលបានគ្រងរាជ្យយូរបំផុតលើពិភពលោក កំពុងប្រឈមមុខនឹងជំងឺជាច្រើន ហើយព្រះអង្គកំពុងសម្រាកព្យាបាលរោគនៅក្នុងប្រទេសថៃ។ ព្រះអង្គបានបង្ហាញវត្តមានជាសាធារណៈចុងក្រោយកាលពីថ្ងៃទី១១ ខែមករាឆ្នាំ២០១៦ ពេលដែលព្រះអង្គចំណាយពេលប្រមាណ៤ម៉ោងទស្សនាទេសភាព ក្នុងវាំងក្នុងទីក្រុងបាងកក។ នេះបើតាមសារព័ត៌មានChannel News Asia។
គេតែងតែមានការព្រួយបារម្ភពីបញ្ហាសុខភាពរបស់ស្តេចថៃ ខណៈស្ថានភាព នយោបាយនៅក្នុងប្រទេសនេះកំពុងមានវិបត្តិ។
កាលពីថ្ងៃទី១១ ខែឧសភា ស្តេចថៃ Bhumibol មានជំងឺគ្រុនផ្តាសាយ ឡើងសម្ពាធឈាមនិង ហើមជង្គង់ បន្ទាប់មកព្រះអង្គចាប់ផ្តើមមានជំងឺហើមសួត។