បាល់ទាត់និងក្តីរំភើបញាប់ញ័រដើរទន្ទឹមគ្នាក្នុងប្រទេសវៀតណាម ដោយធ្វើឱ្យព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់អឺរ៉ុប Euro 2016 ក្លាយជាឱកាសមាសមួយសម្រាប់អ្នកគាំទ្រដើម្បីរីករាយនឹងរបស់ញៀន ទាំងពីរ (កីឡានិងការភ្នាល់) ប្រចាំប្រទេសនេះ ហើយសូម្បីអ្នកខ្លះក៏បានយកផ្ទះខ្លួនឯងភ្នាល់បាល់ដែរ ហើយទីបំផុតគឺចាញ់ម៉ដ្ឋ។
រាល់ការប្រកួតបាល់ទាត់ធំៗគឺតែងតែអមមកជាមួយនឹងរបាយការណ៍អំពីការ ឈ្នះធំ ការចាញ់ធំ និងការចងកធ្វើអត្តឃាត ដែលធ្វើឱ្យប្រទេសមួយនេះក្លាយជាប្រទេសងប់ងល់នឹងល្បែងភ្នាល់មួយ បើទោះបីជាវាខុសច្បាប់ក្តី។
និយាយនៅហាងកាហ្វេតូចមួយក្នុងទីក្រុងហាណូយ ង្វៀន ថេ ហួង បានរំលឹកអំពីដំណើរការភ្នាល់បាល់យ៉ាងគគ្រឹកគគ្រេងអំឡុងការប្រកួត យូរ៉ូ២០១២ដែលធ្វើឱ្យគាត់អស់ទ្រព្យសម្បត្តិរលីងពីខ្លួន។
បុរសអាយុ ៥៨ ឆ្នាំរូបនេះបានបកស្រាយអំពីការញៀនល្បែងដ៏អាក្រក់ដែលបណ្តាលឱ្យ គាត់អស់ផ្ទះពីរខ្នង និងភោជនីយដ្ឋានមួយ យ៉ាងដូច្នេះថា "ការភ្នាល់បាល់បានធ្វើឱ្យខ្ញុំអស់លុយជិតកន្លះលានដុល្លារ"។ លោកបានបន្ថែមថា "ប្រពន្ធខ្ញុំស្អប់បាល់ខ្លាំងណាស់ព្រោះវាបំផ្លាញជីវិតរបស់យើង"។
ឪពុកកូនពីររូបនេះសព្វថ្ងៃប្រកបរបរលាងចាននៅហាងលក់មីតូចមួយ តាមដងផ្លូវ ជាទីដែលប្រពន្ធរបស់លោកជាលក់មីស៊ុប ដែលរកចំណូលបាន ១០ ដុល្លារក្នុងមួយថ្ងៃ។ ប៉ុន្តែជីវិតក្រខ្សត់មួយនេះមិនបានធ្វើឱ្យលោកលះបង់ល្បែងនោះឡើយ ជាមួយ Euro 2016 ក៏មិនលើកលែងដែរ។
ការភ្នាល់បច្ចុប្បន្នមានចំនួនតិចតួចទេ ប៉ុន្តែលោកង្វៀនបាននិយាយថា គាត់ចាក់ខាងក្រុមអង់គ្លេសជិត ២០ ដុល្លារ ដែលប្រកួតជាមួយវែលនៅវគ្គជម្រុះតាមពូល ហើយឈ្នះដាច់បន្ទាប់ពីអង់គ្លេសយកឈ្នះចុងម៉ោង។
ការចង់ក្លាយជាអ្នកមានតាមផ្លូវកាត់ និងវប្បធម៌ជឿលើអប្បិយជំនឿនាំសំណាងកំពុងតែធ្វើឱ្យមនុស្សជាច្រើន ចាប់អារម្មណ៍ក្នុងប្រទេសមួយ ជាទីដែលការអភិវឌ្ឍដ៏ឆាប់រហ័សបានធ្វើឱ្យមនុស្សស្រេកឃ្លានចង់បានរបស់ ប្រណិត និង លាភសក្ការៈមួយចំណែកធំពីសេដ្ឋកិច្ច៕