បុរសចំណាស់វ័យ៧១ម្នាក់មកពីក្រុងឆេង ឌូ ខេត្តស៊ីឈួន ប្រទេសចិនកំពុងធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល បន្ទាប់ពីលោកអះអាងថាបានពិសាទឹកនោមខ្លួនឯងជាច្រើនឆ្នាំ និងជួយលោកជៀសផុតពីជំងឺផ្សេងៗ។
“ ខ្ញុំផឹកវាអស់២៣ឆ្នាំហើយ ខ្ញុំផឹកតាំងពីខ្ញុំអាយុ៤៨។ ទឹកនោមអាចព្យាបាលជំងឺផ្សេងៗបានដូចជា បញ្ហាឈឺខ្នង ជំងឺសួត និងជំងឺម្ញ៉ូប”។ នេះជាសម្ដីរបស់លោកតា៧១ឆ្នាំខាងលើ ដែលសព្វថ្ងៃលោកជាប្រធានសមាគមព្យាបាលជំងឺទឹកនោមប្រទេសចិន។
លោកតាបានប្រាប់សារព័ត៌មានឆេងឌូពីទម្លាប់ប្រចាំថ្ងៃមួយចំនួនដូចជា៖*លោកក្រោកពីគេងពេលព្រឹកអំឡុងម៉ោង ៥ ទៅម៉ោង៦ រៀងរាល់ថ្ងៃ។
*ពេលព្រឹកលោកតា តែងពិសាទឹកផ្លែឈើ ដែលបានត្រាំក្នុងក្រឡពេញមួយយប់។*លោកតាតែងរក្សាទុកទឹកនោមរាល់ថ្ងៃ។
“ ខ្ញុំរក្សាទឹកនោមខ្លួនឯងប្រហែល ៥០០ ទៅ១០០០មីលីលីត្រទុកផឹក៥ទៅ៦ដងក្នុងមួយថ្ងៃ។ ពេលខ្លះវាមានរសជាតិជូរដោយសារខ្ញុំផឹកទឹកច្រើនពេក”។
លោកតាបានបន្ថែមទៀតថា មិនត្រឹមតែលោកនោះទេដែលផឹកទឹកនោមខ្លួនឯង អ្នកជិតខាងលោកក៏ចាប់ផ្ដើមពិសាទឹកនោមតាមលោកដែរ។ នៅពេលសួរថា មូលហេតុអ្វីដែលធ្វើឲ្យលោកចាប់ផ្តើមពិសាទឹកនោម? លោកឆ្លើយថា លោកបានអានសៀវភៅចំណេះដឹងវេជ្ជសាស្ត្រមួយក្បាលប៉ុន្តែសៀវភៅនោះមិន មានការទទួលស្គាល់ត្រឹមត្រូវនោះទេ។
បើតាមលោក Wang Xiaodong វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យឆេងឌូ បានឲ្យដឹងថា លោកមិនគាំទ្រចំពោះគំនិតលោកតាខាងលើឡើយ។ លោកវេជ្ជបណ្ឌិតបន្ថែមថា ទឹកនោមផ្ទុកដោយសារធាតុសំណល់មិនល្អសម្រាប់សុខភាព ជាពិសេសលោកនិយាយសង្កត់ធ្ងន់ថា ទោះបីសៀវភៅវេជ្ជសាស្ត្របុរាណចិនអះអាងថាវាមានប្រយោជន៍ប៉ុន្តែពុំ មានភស្តុតាងបញ្ជាក់ត្រឹមត្រូវនោះឡើយ។
លោកវេជ្ជបណ្ឌិតមួយរូប ទៀតមកពីមន្ទីរពេទ្យចិន West China បានឲ្យដឹងដែរថា ទឹកនោមមនុស្សមានសារធាតុគីមីល្អខ្លះៗសម្រាប់សុខភាពដូចជា សារធាតុ Urokinase ជាដើម ប៉ុន្តែគេមិនអាចសំយោគវាចេញពីទឹកនោមតាមវិធីសាមញ្ញងាយៗនោះឡើយ៕