បុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រកាសថាបានស្លាប់ ខណៈបាត់ពីផ្ទះអស់រយៈពេល៧ឆ្នាំទៅហើយ ស្រាប់តែពេលថ្មីៗនេះឃើញត្រឡប់មកផ្ទះវិញ ព្រមទាំងលុតជង្គង់នៅមុខផ្នូររបស់ខ្លួនឯងទៀត ។
សារព័ត៌មាន «Net East» របស់ចិនបានផ្សាយថា បុរសនោះឈ្មោះ ម៉ា ជីសៀង អាយុ៥៨ឆ្នាំ ជនជាតិចិន មានជំងឺសរសៃប្រសាទ រស់នៅក្នុងក្រុមគ្រួសារមួយក្នុងភូមិថានជៀលុង ខេត្ត Hunan បានចាកចេញបាត់ពីផ្ទះ លុះត្រឡប់ទៅផ្ទះវិញស្រាប់តែឃើញផ្នូររបស់ខ្លួនឯង ។
ក្រុមគ្រួសារបានប្រកាសថា ម៉ា ជីសៀង ស្លាប់នៅឆ្នាំ២០១២ ព្រោះបាត់ខ្លួនតាំងពីឆ្នាំ២០០៩មក ។
ក្រោយពេលបាត់ខ្លួន ក្រុមគ្រួសារបានដើររកអស់រយៈពេលច្រើនឆ្នាំ និងបានទទួលទូរស័ព្ទពីប៉ូលិសនៅស្រុកហ៊ើងសាន ក្នុងឆ្នាំ២០០៩ថា ប្រទះឃើញសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណត្រូវរថយន្តបុកស្លាប់ ទើបសន្និដ្ឋានថាជា ម៉ា ជីសៀង ។ ប៉ូលិសបានធ្វើកោសល្យវិច័យសព ហើយលទ្ធផលនៅមិនទាន់ច្បាស់ថា មានលក្ខណៈដូចលោក ម៉ា ជីសៀង ឬអត់ទេ ? ប៉ុន្តែក្រុមគ្រួសារដែលព្យាយាមតាមរកអស់រយៈពេលជាច្រើនឆ្នាំ បានយល់ព្រមទទួលសពមកធ្វើបុណ្យដោយគិតថា ជាសពលោក ម៉ា ជីសៀង ។ លើសពីនេះពួកគេបានរៀបផ្នូរសពយ៉ាងល្អ ឧទ្ទិសឱ្យវិញ្ញាណក្ខន្ធ ម៉ា ជីសៀង បានទៅកាន់សុគតិភព ហើយការស្វែងរកបានបញ្ចប់ត្រឹមខែកុម្ភៈ ២០០៩ ។
ផ្ទុយទៅវិញ លោកម៉ា ជីសៀង បានទៅបម្រើការនៅសិប្បកម្មឡឥដ្ឋមួយ ដោយគ្មានប្រាក់ឈ្នួលជាច្រើនឆ្នាំ ប៉ុន្តែគេបានទទួលបារីក្នុងមួយថ្ងៃ៦ដើមជំនួសវិញ ។ ក្រោយមក ថៅកែឡឥដ្ឋនាំ ម៉ា ជីសៀង ទៅទុកចោលឱ្យដើរតែលតោលនៅតាមដងផ្លូវ ហើយត្រូវប៉ូលិសប្រទះឃើញក៏នាំត្រឡប់ទៅផ្ទះវិញ ។ នៅពេលទៅដល់ផ្ទះ ម៉ា ជីសៀង លុតជង្គង់នៅខាងមុខផ្នូររបស់ខ្លួន ។
ក្រុមគ្រួសារបានយកឆ្អឹងនៅក្នុងផ្នូរទៅពិសោធន៍ជាថ្មីម្តងទៀត ដើម្បីរកក្រុមគ្រួសាររបស់អ្នកស្លាប់អនាមិកនោះ ៕