នាពេលថ្មីៗកន្លងមកនេះ ទឹកជំនន់បានជន់លិចយ៉ាងខ្លាំង ទៅលើផ្នែកមួយចំនួននៃប្រទេសចិន ជាពិសេសគឺខេត្ត Anhui តែម្ដង។ កម្រិតទឹកបានកើនឡើងខ្ពស់ ប៉ុន្តែវាមិនមែនជាអ្វីដែលប្រជាជនត្រូវព្រួយបារម្ភ តែម្យ៉ាងនោះទេ។ រដ្ឋាភិបាលក្នុងតំបន់បានព្រមានអ្នកស្រុកថា សត្វក្រពើសរុបចំនួន ៩២ក្បាល បានរួចចេញពីកសិដ្ឋានមួយកន្លែង នាដើមសប្ដាហ៍កន្លងទៅនេះ។
ខណៈពេលដែលរដ្ឋាភិបាលធានាចំពោះសាធារណជនថា សត្វក្រពើជាច្រើនក្បាលត្រូវចាប់បានមកវិញនោះ ពូជសត្វក្រពើចិន ឬ Yangtze ដែលជិតផុតពូជមួយក្បាល បែរត្រូវអ្នកស្រុកចាប់បានយកទៅបំពងក្នុងខ្ទះទៅវិញ។ វីដេអូមួយខ្សែបង្ហាញឲ្យឃើញអ្នកស្រុក ខេត្ត Anhui ចំនួន៦នាក់ កំពុងសម្លាប់ ពន្លាត់ស្បែក និងបំពងសត្វក្រពើនោះ ត្រូវបានចែកចាយ និងកំពុងល្បីខ្លាំងលើបណ្ដាញសង្គម WeChat។
រដ្ឋាភិបាលចិន បានចេញសេចក្ដីថ្លែងការណ៍មួយអំពាវនាវឲ្យមានការស៊ើបអង្កេត ចំពោះការសម្លាប់សត្វក្រពើដែលមានប្រវែង ១ម៉ែត្រ និងជិតផុតពូជមួយក្បាលនោះ។ ក្រោយមក បុរសម្នាក់ក្នុងចំណោមអ្នកស្រុកទាំង៦នាក់ខាងលើ មានឈ្មោះថា Liang បានចូលខ្លួន និងសារភាពប្រាប់ពីឈ្មោះបុរសចំនួន៥នាក់ផ្សេងទៀតតែម្តង។
យោងតាមច្បាប់ថ្មីដែលការពារសត្វជិតផុតពូជពីការកាប់សម្លាប់ និងបរិភោគ បុរសទាំង៦នាក់ខាងលើត្រូវប្រឈមមុខនឹងការចោទប្រកាន់ ចំពោះការប្រមាញ់ និងសម្លាប់សត្វក្រពើមួយក្បាលនោះ។ គួរបញ្ជាក់ផងដែរថា ពូជសត្វក្រពើចិន ឬ Yangtze នេះ កំពុងប្រឈមនឹងការផុតពូជខ្លាំង ដោយបច្ចុប្បន្ននេះនៅសល់ប្រមាណជា ១២០ក្បាលប៉ុណ្ណោះក្នុងពិភពលោក៕